ទីភ្នាក់ងារគ្រោះមហន្តរាយតួកគីបាននិយាយកាលពីថ្ងៃអាទិត្យថា ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារសមុទ្រ Aegean កាលពីថ្ងៃសុក្របានសម្លាប់មនុស្ស៨០នាក់នៅក្នុងប្រទេសតួកគី។ អាជ្ញាធរក្រិកបាននិយាយថាមនុស្សពីរនាក់ក៏បានស្លាប់ផងដែរនៅលើកោះ Samos របស់ក្រិក។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតដែលនៅសេសសល់ក្រោមគំនរបាក់បែកនៃអគារនានាក្នុងទីក្រុង Izmir នៅភាគខាងលិចប្រទេសតួកគី បានបន្តដល់ថ្ងៃទី ៣ ហើយ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីលោក Fahrettin Koca បាននិយាយកាលពីថ្ងៃអាទិត្យថា “មិនទាន់មានចំនួនច្បាស់លាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ដែលកំពុងស្ថិតនៅក្រោមគំនរបាក់បែក។ ពិបាកក្នុងការផ្តល់តួលេខខ្លាំងណាស់។ មានការប៉ាន់ស្មាននានា ប៉ុន្តែខ្ញុំមិនអាចចែករំលែកឱ្យដឹងបានទេ”។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្ស១០៣នាក់ត្រូវបានគេជួយសង្គ្រោះពីគំនរបាក់បែក។
អគារចំនួន២០ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្រុង Izmir ដោយការរញ្ជួយដ៏ខ្លាំងក្លា នេះបើយោងតាមសម្តីអភិបាលក្រុងលោក Tunc Soyer ដែលភាគច្រើននៃអគារទាំងនោះស្ថិតនៅក្នុងស្រុក Bayrakli ដែលមានប្រជាជនថ្នាក់កណ្តាលរស់នៅ។
ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្សចំនួន៩៦២នាក់បានរងរបួសនៅក្នុងប្រទេសតួកគីដែល២១៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕ ប្រភពៈ Khmeread