បែកធ្លាយ ! លោកវរសេនីយ៍ឯក អ៊ុង វ៉ារីជាតិ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង មិនដែលមកធ្វើការទេ គឺមានមុខតែថ្ងៃបើកលុយទេប៉ុណ្ណោះ
ខេត្តកោះកុង ៖ នៅក្នុងអង្គភាពទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុងមានការបែកធ្លាយព័ត៌មានមួយឲ្យដឹងថា មានមេបញ្ជាការរងម្នាក់ មិនដែលមានមុខមកធ្វើការទេ គឺដេកនៅតែផ្ទះឯភ្នំពេញ លុះដល់ពេលចុងខែឃើញមុខឡើងមកបើកប្រាក់ខែតែ1ថ្ងៃឬ2ថ្ងៃ រួចវេចខ្ចប់លុយដាក់ក្នុងថង់ខ្មៅមួយថង់ធំដោយមិនដឹងថា លុយនោះយកទៅឲ្យអ្នកណា ឬ ជាលុយកូនទាហានខ្មោច(ទាហានមានតែឈ្មោះ) ប៉ុន្មាននាក់ដែលគាត់អង្គៀមលុយពីរដ្ឋទុកច្រកក្នុងហោប៉ៅខ្លួនឯងនោះទេ ? ។
តាមប្រភពពីកូនទាហានក្នុងអង្គភាពសឹករងកោះកុងសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់ថា បុគ្គលរូបនេះមានឥទ្ធិពលខ្លាំងណាស់ ទោះបីផ្លាស់ប្ដូរមេ 3ជំនាន់ហើយក្ដី ក៏នៅតែមិនអាចធ្វើអ្វីគាត់បានដែរ គឺនៅដដែលហើយមិនដែលឃើញមុខធ្វើការនៅក្នុងអង្គភាពទេ គឺគាត់មកបង្ហាញមុខម្តងម្កាល២ឬ៣ថ្ងៃ ក្នុងអំឡុងពេលបើកលុយ ចុងខែតែប៉ុណ្ណោះ ។
មេបញ្ជាការរងរូបនេះគឺលោកវរសេនីយ៍ឯក អ៊ុង វ៉ារីជាតិ ទទួលផែនការងារតែងតាំង ជាបុគ្គលដែលល្បីខាងស៊ីលុយប្រាក់ខែទាហាននៅក្រៅជួរច្រើនណាស់ គាត់គឺជាកូនចៅមេចាស់ឈ្មោះ សុខ សុវត្តិទុម ដែលត្រូវបានផ្លាស់ចេញ ។ ប៉ុន្តែអស់រយពេលជិត 20ឆ្នាំមកនេះទោះបីមេបញ្ជាការត្រូវបានផ្លាស់ប្ដូរជាបន្តបន្ទាប់អស់ចំនួន៣នាក់ទៅហើយក្ដី ក៏លោកមេបញ្ជាការរង អ៊ុង វ៉ារីជាតិ នៅតែសំងំយ៉ាងសុខស្រួល ដេកនៅផ្ទះអត់ធ្វើការ ឬមានកិច្ចការធ្វើដែរ គឺមកវេចខ្ចប់តែលុយយកទៅធ្វើមានបានលើញើសឈាមពលទាហានក្នុងអង្គភាពតែម្តង ។
ក្នុងរឿងមិនប្រក្រតីនេះ មេបញ្ជាការថ្មីលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ ត្រូវបានបងប្អូនពលទាហានក្នុងអង្គភាពកំពុងអង្គុយចាំមើលថា តើលោកនឹងត្រូវចាត់ការយ៉ាងណាចំពោះនាយទាហានទំនើងមិនមកធ្វើការចាំតែបូមលុយបំផ្លាញថវិការដ្ឋបែបនេះ ?
ក្នុងករណីនេះលោក ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងដែលទើបនឹងចូលកាន់តំណែងថ្មី អង្គភាពយើងមិនទាន់អាចរកមធ្យោបាយទាក់ទងសុំការបំភ្លឺបាននៅឡើយទេ ប៉ុន្តែអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយពន្យល់ពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ។
ដោយឡែកមានប្រភពមួយទៀតបានឲ្យដឹងថា លោកវរសេនីយ៍ឯក អ៊ុង វ៉ារីជាតិ មានក្មួយម្នាក់ឈ្មោះ សុខ ចាន់ណារ៉ា ឋានន្តរសក្តិវរសេនីយ៍ត្រីជាមេបញ្ជាការងស្រុកថ្មបាំងសោះ ប៉ុន្ដែបែរជាទៅកាន់តួនាទីជាប្រធានគ្រប់គ្រងហិរញ្ញវត្ថុរបស់វរសេនាតូចលេខ 3 ខុសគោលដៅ ដោយមិនឃើញមានសេចក្ដីសម្រេចតែងតាំងឡើយ ។ ចំណែកលោកមេបញ្ជាការអង្គភាពវរសេនាតូចលេខ ៣ លោកវរសេនីយ៍ត្រី ស៊ុម ខន ហាក់ដូចជាខ្លាចរអា មិនហ៊ានក្អកជាមួយមន្រ្តីផ្នែកហិរញ្ញវត្ថុម្នាក់នោះទេ ទោះបីលោកវរសេនីយ៍ត្រី សុខ ចាន់ណារ៉ា កាន់តួនាទីជាប្រធានហិរញ្ញវត្ថុវរសេនាតូចលេខ៣ នោះបានធ្វើអាជីវកម្មចងការប្រាក់ជាមួយពលទាហានក្នុងអង្គភាពដោយយកតម្លៃការប្រាក់ខ្ពស់យ៉ាងក៏ដោយ ។ ប្រភពបានបញ្ចាក់ថា ការចងការប្រាក់ឲ្យពលទាហានក្នុងអង្គភាវរសេនាតូចលេខ៣នេះ លោក សុខ ច័ន្ទណារ៉ា បានកាត់លុយគេស្ទើរអស់ជារៀងរាល់ខែដោយមិនកំណត់ថា ពេលណាទើបកាត់អស់នោះទេ ។ ហើយបើពេលមានកូនទាហានសួរថា លុយរបស់ខ្ញុំកាត់អស់នៅពេលណា ? លោកប្រធានហិរញ្ញវត្ថុរូបនោះឆ្លើយយ៉ាងខែងរ៉ែងថា កុំចង់ដឹង ពេលណាអញឈប់កាត់ ពេលនឹងអស់ហើយ ។
ឥរិយាបទ និង សកម្មភាពនេះត្រូវបានពលទាហានជាច្រើនរូបមានប្រតិកម្មឆ្ងល់ថា លោកវរសេនីយ៍ត្រី សុខ ចាន់ណារ៉ា ជាមេបញ្ជាការរងស្រុកថ្មបាំងសោះ ហេតុអីបានជាមកកាន់កាប់ការងារហិរញ្ញវត្ថុ នៅវរសេនាតូចលេខ៣ ខុសតួនាទី ខុសលក្ខន្តិកៈកងយោធពលខេមរភូមិន្ទទៅវិញ ? តើគាត់ឡើងមកតាមច្រកណា ? តើថ្នាក់លើបានដឹងឬទេ ? ហើយការឆ្លើយតបទៅកាន់កូនទាហានដោយសម្តីឈ្លើយៗបែបនេះតើគាត់ធ្លាប់ឆ្លងកាត់ការសិក្សាកម្រិតណា ? មានខ្នងធំប៉ុណ្ណាទៅ ?
ពាក់ព័ន្ធនឹងករណីនេះអង្គភាពយើងមិនអាចទាក់ទងសុំការន្យល់ពីលោកលោកវរសេនីយ៍ត្រី ស៊ុម ខន មេបញ្ចាការវរសេនាតូចលេខ៣បានទេ ដោយនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ទូរស័ព្ទរបស់គាត់ហៅចូលហើយតែគ្មានអ្នកលើកទទួល ខណៈដែលនៅព្រឹកថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៤នេះលោកវរសេនីយ៍ទោ សុខសុវត្ថិ សុខាវី មេញ្ជាការផ្នែកសឹករងស្រុកថ្មបាំង បានឆ្លើយតាមទូរស័ព្ទទទួលស្គាល់ថា លោកវរសេនីយុ៍ត្រី សុខ ច័ន្ទណារ៉ា ពិតជាមេបញ្ជាការរងផ្នែកសឹករងស្រុកថ្មបាំង ហើយបានទៅកាន់កិច្ចការហិរញ្ញវត្ថុនៅវរសេនាតូចលេខ៣មែន ប៉ុន្តែលោកក៏ប្រញ៉ាប់បិទទូរស័ព្ទវិញភ្លាម ហាក់ដូចជា ចង់គេចចេញមិនឆ្លើយតបនឹងសំណួរអ្នកកាសែតដែលត្រូវការសួរជាបន្តទៀត ។ ( សម្លេង សុខាវី )
ករណីដូចបានជម្រាបជូនខាងលើ ពលទាហាននៅអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង និង អង្គភាវរសេនាតូចលេខ៣ បានទទូចស្នើសុំឲ្យថ្នាក់លើ ក្រុមអធិការកិច្ចក្រសួងការពារជាតិ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ពិសេសសម្ដេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មេត្តាអញ្ជើញចុះទៅត្រួតពិនិត្យមេបញ្ជាការរងរូបនេះផង បើពុំដូច្នោះទេថវិកាជាតិនឹងត្រូវបាត់បង់ដោយសារបុគ្គលរូបនេះឃុបឃិតគ្នាប្រព្រឹត្តពុករលួយជាក់ជាមិនខាន ៕