ឡានដឹកត្រីបុកម៉ូតូលក់ពងទាកូនបណ្ដាលឱ្យរងរបស់ធ្ងន់ម្នាក់ និងចាក់ចោលត្រីរាប់រយគីឡូក្រាម
កំពត÷ មានករណីគ្រោះថ្នាក់ចរាចរណ៍គួររន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង 5:45 នាទីព្រឹកថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2024 នៅលើកំណាត់ផ្លូវជាតិលេខ៣ ខេត្តកំពត- ខេត្តព្រះសីហនុត្រង់ចំណុចលើស្ពានដុកត្រុំព្រំប្រទល់ក្រុងកំពត-បូកគោ ស្ថិតក្នុងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ បណ្ដាលឲ្យអ្នកជិះម៉ូតូដឹកពងទាកូនលក់រងរបស់ធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅប្រទេសវៀតណាម។
សាក្សីបានឲ្យដឹងថាករណីនេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក(ហ៊ីយ៉ាន់ដាយ)ចំណុះ(៥តោន)ពណ៌ត្រួយចេកស្លាកលេខភ្នំពេញ3E.7303 ដឹកកូនត្រីពីលើ បង្កប់ត្រីធំខាងក្រោម ដោយផ្ទុកក្នុងរថយន្តឡើងពេញ។ លុះមកដល់ចំណុចកើតហេតុរថយន្តនេះបានបុកម៉ូតូម៉ាកហុងដាវេវ(S)ពណ៌ស ស្លាកលេខកំពត 1G.0589 ពីក្រោយដែលម៉ូតូនេះបើកបរដោយបុរសម្នាក់ឈ្មោះហ៊ន ខេន ប្រុស អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដឹកពងទាដាក់ឲ្យម៉ូយនៅផ្សារកំពតយ៉ាង ពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក្រុមគ្រួសារដឹកបន្តទៅសង្គ្រោះនៅប្រទេសវៀតណាម។
សាក្សីបានឲ្យដឹងទៀតថា ជនរងគ្រោះខ្ទាតចេញពីម៉ូតូចម្ងាយប្រហែល១០ម៉ែត្រ រីឯម៉ូតូ រួមជាមួយពងទាខូចខាតបែកប្រឡាក់ពេញផ្លូវ ។ ចំណែករថយន្តក្រោយពីបុកម៉ូតូដឹកពងទាហើយក៏រេចង្កូតឡើងលើផ្លូវថ្នល់វិញ រួចបុករះបង្កាន់ដៃស្ពានខាងឆ្វេងក្រឡាប់ចាក់កេះត្រីរាប់រយគីឡូក្រាមដែលផ្ទុកនៅក្នុងចោលពេញទឹកអូរ។ រីឯអ្នកបើកបររថយន្ត ក្រោយពីមានហេតុការនេះបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅក្រឡាប់ដេកលើស្ពានទើបកំលាំងសមត្ថកិច្ចចរាចរក្រុងបូកគោទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងហៅរថយន្តស្ទូចមកស្ទូចចេញពីលើស្ពានដើម្បីកុំឱ្យស្ទះចរាចរណ៍ ៕
យ៉ាងណាករណីគ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ចនគរបាលចរាចរណ៍មិនទាន់អត្ថាធិប្បាយជុំវិញហេតុការខាងលើនេះថាអ្នកណាខុសអ្នកណាត្រូវនោះទេ៕