អភិបាលខេត្តកំពតជំរុញប្រតិបត្តិករទេសចរណ៍ចូលរួមជំរុញឲ្យបុណ្យសមុទ្រទី១១ប្រព្រឹត្តទៅដោយរលូន
ខេត្តកំពត÷ អភិបាលខេត្តកំពតឯកឧត្តម ម៉ៅ ធនិន បានស្នើដល់ក្រុមប្រតិបត្តិករទេសចរណ៍ទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវារបស់ខ្លួនឲ្យបានប្រសើរ ដើម្បីញ៉ាំងឲ្យព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលកំពុងចាប់អារម្មណ៍ដំណើរកម្សាន្តនៅខេត្តកំំពត ដោយធ្វើប្រតិបត្តិករទេសចរណ៍អនុវត្ត៦ចំណុចសំខាន់ៗ។
នេះជាការថ្លែងឲ្យដឹងរបស់លោកអភិបាលខេត្តនៅក្នុងពិធីសំណេះសំណាល ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ហើយពិធីដ៏ឧឡារិកពិធីបុណ្យសមុទ្រទី១១នេះប្រព្រឹត្តប្រព្រឹត្ត នៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ខណៈរាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកខេត្តកំពត ធ្វើជាម្ចាស់ផ្ទះរៀបចំពិធី។ ដើម្បីឲ្យព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះ ប្រព្រឹត្តទៅបានរលូន និងជោគជ័យ ទទួលបានការកោតសរសើរពីប្រមុខថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឯកឧត្តអភិបាលខេត្តបានស្នើដល់ ក្រុមប្រតិបត្តិករទេសចរណ៍យកចិត្តទុកដាក់ ធ្វើយ៉ាងណារក្សាឲ្យបាននូវ សោភ័ណភាព សុវត្ថិភាព គុណភាព អនាម័យបរិស្ថានស្អាត និងតម្លៃសមរម្យ។
..សំឡេងអភិបាលខេត្ត …)
លោកអភិបាលខេត្តបញ្ជាក់ថាពិធីសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ ត្រូវបានរដ្ឋបាលខេត្តកំពតធ្វើឡើងជារៀងរាល់ឆ្នាំ(១ឆ្នាំម្តង) ក្នុងគោលបំណងចង់ដឹងអំពីសុខទុក្ខ និងទទួលយកសំណូមពរ ក្តីកង្វល់ របស់ប្រតិបត្តិករទេសចរណ៍មកដោះស្រាយ ដើម្បីធ្វើយ៉ាងណាឲ្យ របររកស៊ីទទួលទានមានដំណើរការល្អ អាចជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃបងប្អូនឲ្យកាន់តែប្រសើរ។ ឯកឧត្តមក៏បានបង្ហាញពីឆន្ទៈនិងផែនការអភិវឌ្ឍន៍ជាច្រើនរបស់រដ្ឋបាលខេត្ត នៅលើវិស័យទេសចរណ៍ ក្នុងពេលបន្តបន្ទាប់ខាងមុខ។
យ៉ាងណា បើតាមក្រសួងទេសចរណ៍រាយការណ៍ថា បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ប្រារព្វធ្វើឡើងក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”។ ទាំងនេះគឺមានគោលបំណងសំខាន់ៗចំនួន៣ ទី១.ការផ្សព្វផ្សាយអំពីសក្តានុពលទេសរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងការផ្សព្វផ្សាយតំបន់ឆ្នេរសមុទ្រតំបន់អេកូទេសចរណ៍ មានកោះ ភ្នំ សម្រាប់ខេត្តកំពត, ទី២.ការជួយជំរុញយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទី៣.គឺការពង្រឹងលើកកម្ពស់គុណភាពសេវាកម្មនានា នៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍នៅទូទាំងប្រទេស ៕