ខ្សែប្រយុទ្ធ Paulo Dybala បានសារភាពថា វាជារឿងមួយល្អណាស់បើសិនគេបានលេងឱ្យក្លឹបយក្សអេស្ប៉ាញ Barcelona ហើយបច្ចប្បន្នកីឡាករវ័យក្មេងកំពុងរង់ចាំមើលកុងត្រាថ្មីនៅ Juventus។
Dybala ប្រាប់ទៅកាន់ CNN ថា ៖«ការពិតគឺថា Barcelona ជាក្រុមធំលំដាប់ពិភពលោកមួយ ហើយមាន Messi ទៀតគឺកាន់តែធំ។ វាពិតជាល្អ ប៉ុន្តែ Juventus ក៏ជាក្លឹបមួយមិនធម្មតាដែរ ជាក្លឹបមួយធំណាស់ដែរ ពោរពេញដោយប្រវត្តិសាស្ត្រ កន្លែងប្រមូលផ្ដុំដោយកីឡាករអស្ចារ្យក្នុងពេលបច្ចុប្បន្ន។ គឺមានគុណភាពគ្រប់គ្រាប់ក្នុងការបង្កើតក្រុមពីរបាន ហើយមានឱកាសលេងជាមួយ Buffon និង Cristiano Ronaldo ដែលវត្តមានពួកគេកាន់តែធ្វើឱ្យក្លឹបក្លាយជាក្លឹបធំមួយកម្រិតទៀត»។
មិត្តរួមក្រុមជម្រើសជាតិ Messi វ័យ២៦ឆ្នាំ រីករាយលេងឱ្យក្រុមសេះបង្កង់រដូវកាលនេះ មុនលីគកំពូលអ៊ីតាលីត្រូវបានផ្អាក ដោយសារការវាយលុកលុយនៃជំងឺរាតត្បាតកូវីដ១៩ ហើយខ្សែប្រយុទ្ធជំនាញជើងឆ្វេង ត្រូវបានគេភ្ជាប់ថានឹងចាកចេញពីទីក្រុង Turin កាលពីឆ្នាំមុន។
ជម្រើសអាហ្សង់ទីន ត្រូវបានគេរាយការណ៍ថា បានបន្តកុងត្រាជាមួយ Juventus ខណៈកុងត្រារបស់គេនឹងផុតនៅឆ្នាំ២០២២។ យ៉ាងណា Dybala ដែលរកបាន១៣គ្រាប់ បញ្ជូនបាល់៧លើក ក្នុងការបង្ហាញខ្លួន៣៤ប្រកួតក្នុងរដូវកាលនេះ បានឱ្យដឹងគេកំពុងតែរង់ចាំមើលកុងត្រាថ្មីរបស់គេ។