យន្តហោះប្រយុទ្ធទំនើបចុងក្រោយរបស់ប្រទេស ចិន J-10 បន្តសកម្មភាពបង្ហាញមហិទ្ធិរិទ្ធរបស់ខ្លួនជាច្រើនថ្ងៃ នៅលើដែនសមុទ្រមិនឆ្ងាយប៉ុន្មានពីកោះតៃវ៉ាន់ ស្របពេលលដែលភាពតានតឹងរវាងចិនដីគោគ និងដីកោះ នៅតែស្ថិតក្នុងដំណាក់កាលមិនអាន់ធូរស្រាលនៅឡើយ ក្រោយពីរដ្ឋាភិបាលកោះនេះ បង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយនឹង សហរដ្ឋអាមេរិក ។កងកម្លាំងទ័ពអាកាសរបស់ ចិន បានបញ្ជូនយន្តហោះប្រយុទ្ធ J-10 ទៅកាន់តំបន់មួយដែលរដ្ឋាភិបាលទីក្រុង ប៉េកាំង ឱ្យឈ្មោះថាតំបន់កំណត់សម្គាល់ដែនអាកាស ស្ថិតនៅភាគនិរតីកោះតៃវ៉ាន់ ។
កងទ័ពអាកាសកោះតៃវ៉ាន់ ក៏បានបញ្ចេញយន្តោះល្បាតទៅកាន់តំបន់នោះផងដែរ ប៉ុន្តែពុំមានការប៉ះទង្គិចគ្នាកើតឡើងឡើយ ។ យន្តហោះប្រយុទ្ធ J-10 ចាប់ផ្ដើមហោះហើរបង្ហាញអនុភាពរបស់ខ្លួននៅក្នុង តំបន់កំណត់សម្គាល់ដែនអាកាស ក្រោយពីរដ្ឋាភិបាលកោះតៃវ៉ាន់ អនុញ្ញាតឱ្យយន្តហោះដឹកជញ្ជូនយោធាC-40A របស់ សហរដ្ឋអាមេរិក ចូលទៅកាន់តំបន់នោះ ជាអ្វីដែលញ៉ាំងឱ្យការព្រមានធ្ងន់ៗពីសំណាក់ទីក្រុង ប៉េកាំង ។ អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេស ចិនអោយដឹងថា រដ្ឋាភិបាលកោះតៃវ៉ាន់ វាយតម្លៃខុសទៅលើប្រតិកម្មរបស់ចិនដីគោក ក្នុងការការពារអធិបតេយ្យភាពទឹកដី ។
ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីង-វេន បានបញ្ជាក់ច្បាស់នូវជំហរជំទាស់នឹងបំណងរបស់ប្រទេស ចិន ដែលចង់បញ្ចូលកោះតៃវ៉ាន់ជាមួយនឹងចិនដីគោក ហើយរដ្ឋាភិបាលរបស់លោកស្រី បន្តប្រឹងប្រែងបង្កើនទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក ពិសេសលើវិស័យយោធា ។
ចំណែក សហរដ្ឋអាមេរិក ក៏ប្ដេជ្ញាផងដែរ នៅក្នុងការចូលរួមនៅក្នុងបញ្ហាសន្តិសុខក្នុងតំបន់របស់កោះតៃវ៉ាន់ ។រដ្ឋាភិបាល សហរដ្ឋអាមេរិក បានជូនស្នើដល់សភានូវគម្រោងលក់សព្វាវុធទំនើបទៅឱ្យកោះតៃវ៉ាន់ ក្នុងនោះមានគ្រាប់បាញ់ចេញពីនាវាមុជទឹក មានតម្លៃ ១៨០លានដុល្លារ ជាអ្វីដែលទំនងជានឹងធ្វើឱ្យកាន់តែតានតឹងដល់អរិភាពរវាងទីក្រុង ប៉េកាំង និង វ៉ាស៊ីនតោន ។
ក្រសួងការបរទេស សហរដ្ឋអាមេរិក បានសម្រេចទៅលើកិច្ចព្រមព្រៀងលក់គ្រាប់បាញ់ពីនាវាមុខទឹកទំនើប 18 MK-48 Mod6 ទៅឱ្យកោះតៃវ៉ាន់ ការវិវត្តទាំងនោះ រួមជាមួយនឹងការជាប់ឆ្នោតលើកទីពីររបស់លោកស្រី សៃ អ៊ីង-វេន បានធ្វើឱ្យប្រទេស ចិន បង្កើនសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ព្រមទាំងគម្រាមប្រើប្រាស់កម្លាំងដើម្បីនាំយកកោះតៃវ៉ាន់មកគ្រប់គ្រង ប្រសិនបើកោះនេះប្រកាសឯករាជ្យ ៕