ការស្លាប់ដ៏គួរឱ្យរន្ធត់របស់ដំរីព្រៃអាយុ១៥ឆ្នាំនិងកំពុងមានផ្ទៃពោះពីចុងខែ ឧសភា បានធ្វើឱ្យរន្ធត់ដល់សហគមន៍ដែលសត្វដំរីត្រូវបានគេដឹងថា គឺជាសត្វពិសិដ្ឋក្នុងសហគមន៍នៃប្រទេស ឥណ្ឌា។ ដំរីវ័យក្មេងដែលមានផ្ទៃពោះបានវង្វេងចូលក្នុងភូមិមួយនៅជាយក្រុង ហើយទំនងជាមានអ្នកភូមិណាម្នាកបានឱ្យផ្លែម្នាស់ដែលបង្កប់កាំជ្រួច និងក្រោយយមកកាំជ្រួចនោះបានផ្ទុះនៅក្នុងមាត់របស់ដំរីនៅពេលម្នាស់ចូលទៅក្នុងមាត់។
កាំជ្រួចប្រភេទនេះ ត្រូវបានអ្នកភូមិប្រើដើម្បីបំភ័យសត្វព្រៃឱ្យចេញពីចម្ការដំណាំរបស់ពួកគេ។ សត្វដំរីដែលរងរបួសបន្ទាប់មកបានដើរចូលទៅក្នុងទន្លេ វេលីយ៉ា ដែលនៅក្បែរនោះហើយបានស្លាប់ដោយឈរក្នុងទឹកទន្លេ។
ប្រធានអភិរក្សព្រៃឈើលោក Surendrakumar ជឿជាក់ថាទង្វើនេះ ធ្វើឡើងដោយមនុស្សដែលមានចេតនាសម្លាប់ដំរី គាត់បាននិយាយ ថ្គាមរបស់ដំរីបានបាក់ធ្វើឱ្យដំរីញីមិនអាចបរិភោគបានបន្ទាប់ពីនាងបានទំពារម្នាស់ហើយវាបានផ្ទុះឡើង។ វាច្បាស់ណាស់ថានាងត្រូវបានគេផ្តល់ឱ្យនូវម្នាស់ដែលពេញទៅដោយកាំជ្រួចដើម្បីកម្ចាត់នាង។
មន្រ្តីព្រៃអភិរក្សាព្រៃឈ្មោះ Mohan Krishnan ដែលជាផ្នែកមួយនៃក្រុមឆ្លើយតបរហ័សដើម្បីជួយសង្គ្រោះសត្វដំរីនេះបានសរសេរនៅក្នុងគណនី Facebook ថាៈ នាងទុកចិត្តមនុស្សគ្រប់គ្នា។ នៅពេលដែលម្នាស់ដែលនាងបរិភោគបានផ្ទុះឡើង នាងច្បាស់ជាមានការភ្ញាក់ផ្អើលដោយមិនបានគិតអំពីខ្លួនឯង ប៉ុន្តែបារម្ភអំពីកូនដែលនាងនឹងសំរាលក្រោយពីពរពោះរយៈចាប់ពេលពី១៨ ទៅ ២០ខែ។
ដំរីដែលរបួសបានដើរក្នុងភូមិដោយមើលទៅដូចជាឈឺចាប់ និងអត់អាហារនាងមិនអាចបរិភោគអ្វីបានទេដោយសារតែរបួសរបស់នាង។ ទោះយាងណា នាងមិនបានបៀតបៀនមនុស្សណាម្នាក់ឡើយ ទោះជានាងឈឺចាប់នៅតាមដងផ្លូវក្នុងភូមិក៏ដោយ។
សត្វដំរីឈរនៅមាត់ទន្លេដោយដាក់ប្រមោយចូលទៅក្នុងទឹកដើម្បីធ្វើឱ្យត្រជាក់មុខរបួសដែលបង្កឡើងដោយសារកាំជ្រួច។ បន្ទាប់ពីការព្យាយាមអស់ជាច្រើនម៉ោងដោយមន្រ្តីបានប្រើដំរី ដើម្បីនាំនាងចេញពីទឹក និងជួយសង្គ្រោះ ប៉ុន្តែដំរីញីនោះបានស្លាប់នៅម៉ោង៤ ល្ងាចថ្ងៃពុធទី ២៧ ខែឧសភា។
ក្រុមមន្រ្តីបានទាញនាងចេញពីទឹក និងបូជានៅក្នុងព្រៃដែលនាងរស់នៅបន្ទាប់ពីធ្វើកោសល្យវិច័យរួចហើយ។ ការស្លាប់ដ៏គួរឱ្យរន្ធត់នេះ ញ៉ាំងឱ្យមានកំហឹង តាមរយៈការបញ្ចេញមតិតាមបណ្ដាញសង្គមដោយអំពាវនាវឱ្យអាជ្ញាធរស្វែងរកអ្នកប្រព្រឹត្ត។