ភ្នំពេញ ៖ ក្នុងសន្និសីទកាសែត នារាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក អ៊ឹម ជីវ៉ា បានប្រកាសជាផ្លូវការ នូវដំណឹង ពីការដឹកនាំ និងបង្ហាត់បង្រៀន អ្នកនាង សុខាសុខា ដែលជាតារាមួយរូប ប្រចាំទិកតុក ហើយត្រៀមផលិតវិឌីអូអប់រំ និងវីដេអូកំប្លែងជាច្រើន នាពេលខាងមុខនេះ ដោយទទួលការ ឧបត្ថម្ភដោយ ក្រុមហ៊ុនផលិតផល U-Well ។
លោក អ៊ឹម ជីវ៉ា បានប្រាប់ឱ្យដឹងថា មូលហេតុដែលលោក សម្រេចយកអ្នកនាង សុខាសុខា ចូលជាសមាជិកក្រុម របស់លោកដោយសារតែលោក អាណិតដល់នាង ដែលកូនកំព្រា ហើយជាអ្នកក្រម្នាក់ ចង់ឱ្យមានឱកាស និងមានជីវភាពប្រសើរឡើង។ លោកនឹងត្រៀមបង្ហាត់ នូវការសម្តែង និងដាក់គម្រោង ក្រុមការងារថត ដើម្បីត្រៀមផលិត វិឌីអូអប់រំ ក៏ដូចជាវិឌីអូផ្សេងទៀត។ លោកក៏នឹងដឹកនាំ តារាទិកតុកម្នាក់នេះ ចូលរួមការងារមនុស្សធម៌ និងចូលរួមបំរើការងារសង្គម ។
លោកបានបញ្ជាក់ទៀតថា ការជម្រុញឱ្យ សុខាសុខា មកចូលរួមក្នុងវិស័យសម្តែង និងលេងកំប្លែងនោះ ក៏ទទួលការលើកទឹកចិត្ត និង ឧបត្ថម្ភពីក្រុមហ៊ុនផលិតផល U-Well បានធ្វើការចំណាយច្រើន ក្នុងការផ្គត់ផ្គង់លើនាង និងការចំណាយទាំងស្រុងលើការផលិតផលវិឌីអូ សម្តែងរបស់ សុខាទាំងអស់។ លោកក៏សូមមហាជន មេត្តាខន្តីអភ័យទោស និងលើកទឹកចិត្តដល់នាង កុំស្អប់ខ្ពើមលើនាង បើទោះបីជានាងពេលខ្លះ មានការខ្វះខាត ក្នុងនិយាយស្តី មិនសមរម្យ ត្រង់ចំណុចណាមួយនោះ ។
សុខាសុខា ឈ្មោះពិតគឺ ថន សុខា មានអាយុ ២៥ ឆ្នាំ មានបងប្អូន៥នាក់ សុខាជាកូនពៅ សុខាគឺជាក្មេងកំព្រាឪពុកម្តាយតាំងពីតូចហើយសុខាត្រូវមករស់នៅជាមួយមីងនៅក្រុងសួង ដោយជួយលក់ដូរ មុខរបរលក់ចាប់ហួយតិចតួច នៅផ្ទះ ក្នុង ភូមិជ្រួយ សង្កាត់ វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ សុខាសុខា ជាក្មេងស្រីមានអត្តចរិត មនុស្សប្រុស ហើយ ស្រលាញ់ស្រីដូចគ្នា អត្ថចរិតរបស់សុខាជាមនុស្សប្រុស គឺមានតាំងពីតូច មិនអាចកែបាន ចរិតជាប្រុសខ្លួនជាស្រី បានឡើយ។ នាងសិក្សាបានតិចតួចណាស់ ហើយជាក្មេងកំព្រាដែលខ្វះភាពកក់ក្តៅ ។
កញ្ញា សុវណ្ណវតី អគ្គនាយិការង តំណាងផលិតផល U-WELL ដែលនាំចូលចែកចាយ ដោយកិច្ចសហប្រតិបត្តការរវាង ក្រុមហ៊ុនសក្ស្មី ប៊ីមេក និងគ្រាប់ពេជ្រ ខូអិលធីឌី បានថ្លែងថា បច្ចុប្បន្ន ក្រុមហ៊ុនបាននាំចូល ផលិតផលមួយចំនួនរួចជាស្រេច ហើយដែលមានដូចជា ស្រ្ពាយសំលាប់មេរោគ ដោយផលិតផលនេះ មានចុះបញ្ជីការក្រសួងសុខាភិបាល ផ្សំឡើងពីអាល់កុលពេទ្យ ៧៥ភាគរយសំលាប់មេរោគបាន រហូតដល់ ៩៩.៩៩ភាគរយ ។
ចំណែក លោក សុង តំណាងផលិតផល U-WELL បានអោយដឹងដែរថា ក្រុមហ៊ុននេះ បង្កើតឡើងដោយយុវជនសុទ្ធសាធដោយក្រុមហ៊ុន មានគោលជំហរចំនួន ៤ចំណុចធំៗ ៖ ១. ផលិតផលដែលនាំចូលចាំបាច់បំផុតត្រូវមានស្តង់ដារ មានគុណភាពខ្ពស់ប៉ុន្តែតំលៃសមរម្យ។ ២. ផ្តោតការធ្វើទីផ្សារទៅលើយុវជន ដោយគោរពគោលការណ៍សីលធម៌ មិនធ្វើទីផ្សារបោកប្រាស់ តំណាងចែកចាយ អោយចេះតែចំណាយលុយ យកផលិតផលទៅហើយ ហើយមិនខ្វាយខ្វល់ដល់ពួកគេនោះទេ។ ៣. យើងចង់ក្លាយជាក្រុមហ៊ុនគំរូ ក្នុងឋានៈជាក្រុមហ៊ុនដំបូងបំផុត ក្នុងប្រទេសកម្ពុជា ដែលបង្វែរកញ្ចប់ថវិកា ផ្នែកទីផ្សារមួយចំនួន ទៅលើការងារមនុស្សធម៌ ។ និងទី៤. នេះជាចំណុចសំខាន់ ដោយក្រុមហ៊ុនអនុញ្ញាត អោយតំណាងចែកចាយ សាកគ្រប់ផលិតផល មុននិងពួកគាត់សម្រេចចិត្តមករកស៊ីជាមួយក្រុមហ៊ុន ៕