ខេត្តកំពត÷ កន្លងមក ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកំពតបានធ្វើឱ្យលំហូរភ្ញៀវទេសចរណ៍មកសម្រាកកម្សាន្តយ៉ាងច្រើន ហើយបានធ្វើឱ្យការនាំចេញនូវផលិតផលក្នុងស្រុកនៅនឹងកន្លែងមានការកើនឡើង និងបានផ្តល់ឱ្យប្រជាពលរដ្ឋទទួលបាននូវចំណូលពីវិស័យនេះជាច្រើន។ នេះជាគោលដៅចំបងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់ថ្នាក់ដឹកនាំខេត្តកំពត ក្នុងន័យសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នាសាលសន្និសីទបូកគោ សាលាខេត្តកំពតអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងបួនដែលជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ហើយគឺជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះអាជ្ញាធរខេត្តបានជ្រើសយកការអភិវឌ្ឍវិស័យទេសចរណ៍ជាចំបងនឹងមុនគេ ក្នុងចំណោមវិស័យផ្សេងៗទៀតដែលមានសក្តានុពលក្នុងខេត្ត។ គោលដៅចំបងដែលអាជ្ញាធរខេត្តជ្រើសរើសយកវិស័យទេសចរណ៍នេះមកអភិវឌ្ឍជាចំបងមុនគេនោះ គឺដោយសារតែខេត្តកំពតមានទីតាំងជាច្រើនដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ព្រមទាំងការទាក់ទាញ ដែលយើងមិនទាន់បានកែច្នៃដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋ ការនាំចេញផលិតផលនៅនឹងកន្លែង ហើយគោលដៅសំខាន់នោះគឺផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានចំណូលពីវិស័យដ៏សំខាន់នេះ។
ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ជាក់ថា ក្រោយពិសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែងត្រូវបានរៀបចំឱ្យមានភាពទាក់ទាញ លំហូរភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានស្នើដល់ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកទាំងអស់បន្តគាំទ្រ និងសហការជាមួយរដ្ឋបាលខេត្តកំពតឱ្យបានស្អិតល្មួតក្នុងការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនបន្តទៅមុខទៀត និងបន្តជួយគាំទ្រ ផ្តល់មតិយោបល់ផ្សេងៗ លើគម្រោងអភិវឌ្ឍន៍នានាដែលរដ្ឋបាលខេត្តបានដាក់ចេញ ក្នុងន័យដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងទូទាំងប្រទេស។
ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់នូវគម្រោងថ្មីមួយទៀតថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងចាប់ផ្តើមសាងសង់នាឡិកាយក្សមួយបន្ថែមទៀត បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្របាញ់ទឹក។ ឯកឧត្តមបញ្ជាក់ថានាឡិកាយក្យនេះមានកម្ពស់ ៣៥ម៉ែត្រ មានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាធ ដោយលេខម៉ោងគឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ។ គម្រោងការនេះរដ្ឋបាលខេត្តក៏នឹងចាប់ផ្តើមដំណើរការរៀបចំឆ្នេរសមុទ្រកម្សាន្តជាបណ្តើរៗនៅចុងខែមិថុនានេះ។
ក្នុងនោះដែរ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ដែលទើបចូលកាន់តំណែងថ្មីបានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តដែលដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក្នុងអាណត្តិទី៣កន្លងមកបានខិតខំធ្វើឱ្យខេត្តកំពតមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស៕