ភ្នំពេញ៖ គណ :កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២៥ខែវិច្ឆិកា ឆ្នាំ ២០២០នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅឃុំ-សង្កាត់ទូទាំងប្រទេស ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា និងពាក្យបណ្តឹងជំទាស់ទាក់ទងបញ្ជីបោះឆ្នោតដំបូង និងការអញ្ជើញប្រជាពលរដ្ឋឲ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានមានប្រសាសន៍ថា អ្វីដែល គ.ជ.បត្រៀមអនុវត្តបន្តនៅពេលខាងមុខ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ការដាក់ ទទួល និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងចុងក្រោយ គឺការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត។
លោកបានបន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត សម្រាប់ឆ្នាំ២០២០នេះ នឹងត្រូវធ្វើនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស។
តាមរបាយការណ៍របស់ គ.ជ.ប បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលត្រូវបិទផ្សាយមានចំនួន ៨,៨៣លាននាក់ ក្នុងនោះមានស្រីចំនួន ៤.៧១លាននាក់ និងមានការិយាល័យបោះឆ្នោតសរុប ២៣.៤២៥ការិយាល័យ។ ដោយឡែកចំនួនប្រជាពលរដ្ឋដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួនសរុបចំនួនជាង ១៥ម៉ឺននាក់។
ជាមួយគ្នានេះដែរគោលដៅនៃការបិទផ្សាយគឺដើម្បីឲ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយទៅផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន នៅក្នុងបញ្ជីបោះឆ្នោតដំបូង ឬ/និងបញ្ជីបោះឆ្នោតអ្នកដែល និងត្រូវលុបចេញពីញ្ជីបោះឆ្នោត និងគោលដៅនៃការប្តឹងជំទាស់ ឬ/និងប្តឹងតវ៉ាលើបញ្ជីទាំងពីរនេះ។
លោក ហង្ស ពុទ្ធា បានបន្ថែមថា ចំពោះបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយទន្ទឹមគ្នា និងបញ្ជីបោះឆ្នោតដំបូង ក៏មានទិន្ន័យដូចគ្នានិងបញ្ជីបោះឆ្នោតដំបូង ហើយមានលក្ខណៈ សម្គាល់ដោយមានសញ្ញាខ្វែងពណ៌ក្រហមគ្រប់ទំព័រនៃបញ្ជីឈ្មោះ និងមានការបញ្ជាក់អំពីមូលហេតុនៃការលុបនៅលើនោះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។ ចំណែកគណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ស្តីពីគណបក្សនយោបាយមានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ ហើយតម្លៃនេះគិតត្រឹមតម្លៃផលិតប៉ុណ្ណោះ៕