ពោធិ៍សាត់៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រី២នាក់ជាច្រើនលើក នៅចំណុចចម្ការក្រូច ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នគរបាលព្រហ្មទណ្ឌស្រុកភ្នំក្រវាញ បានឲ្យដឹងថា រឿងអាស្រូវមួយនេះបានបែកធ្លាយ ក្រោយពេលសមត្ថកិច្ចនគរបាល បានទទួលពាក្យបណ្ដឹងពីម្តាយជនរងគ្រោះឈ្មោះ អ៊ូច ផាត ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាត បានប្ដឹងជនសង្ស័យឈ្មោះ យ័ន្ត គយ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ពីបទរួមភេទជាមួយអនីតិជន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងពាក្យបណ្តឹង ម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ថា ជនសង្ស័យ បានចាប់ក្មេងស្រីរងគ្រោះឈ្មោះ សហ អាយុ៧ឆ្នាំ (ត្រូវជាកូនចុង) រស់នៅភូមិ-ឃុំកើតហេតុខាងលើដោយ រួមភេទបានសម្រេចជាមួយកុមាររងគ្រោះ ជាច្រើនលើកមកហើយ។ បន្ទាប់មក ជនសង្ស័យ ក៏បានបន្តចាប់រំលោភក្មេងស្រីម្នាក់ទៀតឈ្មោះ រ,ល (ត្រូវជាចៅចុង) ដោយរួមភេទបានសម្រេចជាច្រើនដងដូចគ្នាផងដែរ។
ក្នុងពាក្យបណ្តឹង បានបន្តថា រៀងរាល់ពេលដែលជនសង្ស័យបានចាប់ក្មេងស្រីរងគ្រោះទាំងពីរនាក់រួមភេទរួច ជនសង្ស័យតែងតែនិយាយប្រាប់ថា កុំឲ្យយករឿងនេះទៅនិយាយប្រាប់គេឯងដឹងឲ្យសោះ។ ដូចនេះ កុមារីទាំងពីរ មានការភ័យខ្លាយរឿងនេះ ក៏កប់ឈឹងទៅរហូតមកដល់ថ្ងៃកើតហេតុ ទើបម្តាយក្មេងស្រីរងគ្រោះ មានមន្ទិលសង្ស័យ ហើយបានសួរកូនរបស់គាត់ ទើបបែករឿងនេះឡើង ហើយគាត់ក៏ប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ចាប់ជនសង្ស័យតែម្តង។
សមត្ថកិច្ចជំនាញ បានឲ្យដឹងបន្តថា បន្ទាប់ពីស្តាប់របាយការណ៍បណ្តឹងរបស់ជនរងគ្រោះរួចមកសមត្ថកិច្ចបានសុំគោលការណ៍ពីព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ ហើយកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕