ប៉ៃលិន៖ ស្ពៃក្តោប ជាបន្លែមួយប្រភេទ ដែលគេច្រើនតែដាំនៅរដូវត្រជាក់។ សម្រាប់ប្រទេសកម្ពុជា កសិករ ចាប់ផ្តើមដាំពីខែតុលា ដល់ខែកុម្ភៈ ចន្លោះពេលនេះ គឺសីតុណ្ហភាពត្រជាក់ ពន្លឺថ្ងៃ និងចំណាំងរបស់ពន្លឺសមស្រប សត្វល្អិត និងជំងឺមិនមានការរាតត្បាតខ្លាំង។
លោក ឃួន ប៊ុនធី ជាកសិករក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានដាំដំណាំស្ពៃក្តោបនេះ ចាប់ពីខែកក្កដាមក ហើយនៅពេលនេះ លោកបានកំពុងប្រមូលផលជាបណ្តើៗហើយ ដោយលោកនិងគ្រួសារ បានប្រមូលកាត់ស្ពៃក្តោបនេះ ប្រមាណ ៤០០គីឡូក្រាម មកហើយ។
លោក បានរម្លឹកថា ការដាំដំណាំនេះ គឺបានការជួយជ្រោមជ្រែងផ្តល់ពូជ និងផ្តល់បច្ចេកទេស ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ក៏ដូចជាផ្តល់ផ្ទះសំណាញ់តាមរយៈគម្រោងអាស្បាយ (Aspire)។
លោក សុទ្ធ វិសាល មន្ត្រីការិយាល័យក្សេតសាស្រ្តបន្លែ ខេត្តប៉ៃលិន បានឱ្យដឹងថា ប្រជាកសិករ ក្នុងភូមិភ្នំកុយនេះ មានដាំដំណាំរួមផ្សំជាច្រើនមុខ រួមទាំងដំណាំស្ពៃក្តោបនេះ។ លោក ថា ក្រៅពីការផ្តល់បច្ចេកទេសពូជ និងផ្ទះសំណាញ់ ជូនប្រជាកសិកររួចមក លោកបានស្វះស្វែងរកទីផ្សារជូនប្រជាកសិករ ដោយជាក់ស្តែង បានចុះ MOU រវាងកសិករ និងក្រុមហ៊ុនកសិសុវត្ថិភាព ក្នុងការទិញ-លក់បន្លៃសុវត្ថិភាពផ្សេងៗ។
ជាការកត់សម្គាល់ មានការនិយមដាំស្ពៃក្តោប នៅប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ ហើយដែលភាគច្រើនការដាំដំណាំនេះ គឺទាក់ទង នឹងសីតុណ្ហភាព ភ្លៀង សំណើម បរិយាកាស ជំងឺ និងសត្វល្អិត៕