ភ្នំពេញ៖ នៅវេលាម៉ោង ជិត១២ថ្ងៃត្រង់នេះ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខ បានរកឃើញសាកសពស្ត្រីរងគ្រោះ ដែលផ្ទះកញ្ចក់លម្ហែកាយ បានបាក់សង្កត់ពីលើ ចូលស្រះទឹកហើយ។
ទីតាំងកើតហេតុ ស្ថិតក្នុងដីឡូត៍មួយកន្លែង តាមផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍បាក់ស្រុតផ្ទះលម្ហែកាយចូលក្នុងស្រះទឹកនេះ គឺកេីតឡេីងតាំងពីវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ តែម្ចាស់ផ្ទះមិនទម្លាយព័ត៌មាន ដោយព្យាយាមបិទបាំងព័ត៌មាននេះ និងបិទទ្វាររបងជិតសម្ងំឲ្យកម្មករ បូមទឹកចេញ ដេីម្បីរកសពស្ត្រីរងគ្រោះ។ នៅពេលអស់លទ្ធភាពរកសពស្ត្រីរងគ្រោះមិនឃើញ រហូតមកដល់វេលាល្ងាចថ្ងៃដដែល ក៏ទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិក្នុងភូមិបានដឹង ទេីបអ្នកភូមិផ្អើលឆោឡោរនាំគ្នាទៅចោមរោមមេីលពេញមុខផ្ទះវីឡាកេីតហេតុតែម្តង ។
តាមការឱ្យដឹង ស្រ្តីរងគ្រោះ ឈ្មោះ ហ៊ុន សំបូរ អាយុ ៦១ឆ្នាំ ជាអ្នកអនាម័យនៅទីតាំងកើតហេតុខាងលើ៕