កំពង់ឆ្នាំង៖ អំណោយជាពូជស្រូវ ពូជបន្លែ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេច កិត្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១.៧១០គ្រួសារនៅក្នុងខេត្តកំពង់ឆ្នាំង។
អំណោយជាពូជស្រូវ ពូជបន្លែនេះ ត្រូវបានលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍បទ ប្រធានក្រុមការងារថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាំយកមកប្រគល់ជូនដល់ប្រជាពលរដ្ឋ នៅបរិវេណវត្តត្រពាំងជុំ ស្ថិតក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ១២ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផលប៉ះពាលដោយសារទឹកជំនន់នារដូវវស្សានេះ ខេត្តកំពង់ឆ្នាំង បានធ្វើឲ្យខូចខាតផ្លូវជាតិ ផ្លូវគ្រួសក្រហម និងប្រព័ន្ធធារាស្រ្តអស់មួយចំនួន។ ដោយឡែកដំណាំស្រូវ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ ខូចខាតអស់ចំនួន ១.៧៩២ហិកតា។
ក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែបានគិតគូជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។ ដូចជាក្នុងអំឡុងពេលដែលប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមកនេះ សម្តេចបានចុះជាប់ជាមួយប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយនឹងប្រជាពលរដ្ឋគ្រប់ពេលវេលា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់សម្តេចទាំងទ្វេ។
លោកបានស្នើដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់មូលដ្ឋានត្រូវចុះជាប់ជាមួយនឹងប្រជាពលរដ្ឋ និង ស្រាវជ្រាវបន្ថែមទៀត គ្រួសារដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ក្នុងរយៈកន្លងមក ដោយមិនឲ្យគ្រួសាររងគ្រោះណាមួយគេចផុតពីការជួយសង្រ្គោះរបស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ។ ជាមួយនេះអាជ្ញាធរគ្រប់មូលដ្ឋាន និងមន្រ្តីជំនាញ ត្រូវចុះអង្កេតតាមដាន និងជំរុញដល់ប្រជាកសិករ ក្នុងការងារបង្ករបង្កើនផលស្រូវ និងដាំដំណាំរួមផ្សំ នៅពេលដែលទទួលពូជស្រូវ និងពូជបន្លែពីប្រមុខរាជរដ្ឋាភិបាល។
លោក ក៏បានផ្តាំផ្ញើឲ្យពលរដ្ឋ ត្រូវចូលរួមអនុវត្តនូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវវីដ១៩ផងដែរ៕