កណ្ដាល ៖ មេក្លោងថ្នាំញៀន ដែលបានបាញ់មកលើសមត្ថកិច្ចអស់ជាច្រើនគ្រាប់ រួចគេចខ្លួនសម្ងំនៅផ្ទះ កាលពីរសៀលថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២០ ឥឡូវសមត្ថកិច្ចឡោមព័ទ្ធ ចាប់បានហើយ នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុច ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចឱ្យដឹងថា នៅពេលសមត្ថកិច្ចចុះបង្ក្រាបចាប់ជនសង្ស័យ ស្រាប់តែជនសង្ស័យ បានប្រើប្រាស់កាំភ្លើងវែង ( AK47 ) បាញ់មកលើសមត្ថកិច្ច ប៉ុន្តែពុំមាន នរណាម្នាក់រងរបួសនោះទេ ។ បន្ទាប់មក សមត្ថកិច្ចក៏បាន ប្រើគ្រប់វិធី ដើម្បីចាប់ជនសង្ស័យ ដោយកុំឱ្យប៉ះពាល់ សុវត្ថិភាព ប្រពន្ធកូនរបស់ជនសង្ស័យ ។ ជនសង្ស័យ បានដុតផ្ទះ ខ្លួនឯង ដើម្បីបង្វែរដានសមត្ថកិច្ច ប៉ុន្តែទីបំផុតក៏ត្រូវបានចាប់ខ្លួន ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងប្រាប់ថា ប្រតិបត្តិការនេះ យើងឃាត់បានជនសង្ស័យ ដែលមានឈ្មោះ លៀន ទិត្យ ហើយពុំមានសមត្ថកិច្ចឬពលរដ្ឋណាមួយ រងគ្រោះថ្នាក់ក្នុងហេតុ ការណ៍នេះទេ ៕