សៀមរាប៖ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ រួមជាមួយតំណាងស្ថាប័នរបស់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) បានចុះពិនិត្យ និងពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយជួសជុលប្រាសាទតាសោម។
ការចុះពិនិត្យដោយផ្ទាល់នៅថ្ងៃទី៦ ខែវិច្ឆិកា បានធ្វើឡើងដើម្បីសិក្សារួមគ្នាលើលទ្ធភាពនានាក្នុងការការពារ ការអភិរក្ស ក៏ដូចជាកិច្ចការជួសជុលបន្ថែមប្រាសាទតាសោម ក្រោយពេលស្ថាប័នសហរដ្ឋអាមេរិក WMF បានជួសជុលរួចរាល់តាំងពីឆ្នាំ២០១២មក។
ក្រុមការងារ បានសិក្សារួមគ្នារកដំណោះស្រាយដើម្បីបញ្ជៀសបញ្ហាអវិជ្ជមានមួយចំនួនអំឡុងពេលជួសជុល ពិសេសស្របតាមតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។ ក្នុងឱកាសនោះ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានណែនាំនូវចំណុចចំនួន ដើម្បីរៀបចំបរិវេណប្រាសាទតាសោម ឱ្យមានសោភណ្ឌភាពល្អ និងទាក់ទាញភ្ញៀវទេសចរ។
គួររំឭកថា អង្គការមូលនិធិប្រាសាទពិភពលោក ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលប្រាសាទតាសោមចាប់ពីឆ្នាំ២០០០ រហូតដល់ ឆ្នាំ ២០១២។ យ៉ាងណាក៏ដោយ ក្រោយជួសជុលរយៈពេល១០ឆ្នាំមកនេះ ស្ថាប័ននេះ សង្កេតឃើញថា មានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយបន្ត ដូចជា ការរៀបចំប្រព័ន្ធទឹកដែលជាបញ្ហាប្រឈមខ្លាំង ដែលធ្វើឱ្យហូរច្រោះដល់ឫសឈើធំៗ ដែលអាចមានហានិភ័យទៅអនាគត៕