ឧត្តរមានជ័យ៖ មន្រ្តីនគរបាល ៣នាក់ នៅប៉ុស្តិ៍នគរបាលចុងព្រិច នៃវរនគរបាលការពារព្រំដែនគោកលេខ៩០៥ ក្នុងខេត្តឧត្តរមានជ័យ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍ផ្ទុះអាវុធមួយប្រាវ នាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកឱ្យដឹងថា នគរបាលដែលបានស្លាប់ ៣នាក់ រួមមានទី១៖ អនុសេនីយ៍ឯក អុំ ឈយ ជានាយរងប៉ុស្តិ៍ចុងព្រិច ទី២៖ អនុសេនីយ៍ឯក ហ៊ុន ប៊ី ជានាយប៉ុស្តិ៍ចុងព្រិច និងអនុសេនីយ៍ឯក ស្រេង រាសី ជានាយផ្នែកស៊ើបការណ៍។
បើតាមលោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ថា ករណីនេះ គឺលោកអនុសេនីយ៍ឯក អុំ ឈយ ដែលជានាយរងប៉ុស្តិ៍ចុងព្រិច បានយកអាវុធប្រភេទ AK47 បាញ់ទៅលើលោកអនុសេនីយ៍ឯក ហ៊ុន ប៊ី ដែលជា នាយប៉ុស្តិ៍ចុងព្រិច និងអនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែកស៊ើបការណ៍ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចលើផ្លូវយុទ្ធសាស្ត្រក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយជនបង្ក បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងស្លាប់នៅហ្នឹងកន្លែងតាមក្រោយតែម្តង។
លោកស្នងការ បានបញ្ជាក់បន្ថែមថា ករណីនេះមិនមែនផ្តើមចេញពីរឿងគំនុំនោះឡើយ ហើយជនដៃដល់ធ្លាប់បានសុំទៅមើលជំងឺសសៃប្រសាទកាលពីពេលកន្លងទៅ មុនសុំមកបម្រើការងារវិញ៕