ភ្នំពេញ៖ យោងតាមកំណត់ហេតុ ស្ដីពីការសម្របសម្រួលដោះស្រាយករណីកូដកម្មរបស់កម្មករក្រុមហ៊ុន ស៊ីន ទ្រី ចុះថ្ងៃទី១៤ ខែតុលានេះ បានឱ្យដឹងថា កម្មករនិយោជិតរបស់ក្រុមហ៊ុនស៊ីនទ្រី បានឯកភាពចូលធ្វើការប្រមូល និងដឹកជញ្ជូនសំរាមឡើងវិញហើយ ចាប់ពីម៉ោង៣រសៀល ថ្ងៃដដែល។
សូមជម្រាបថា កម្មករនិយោជិតក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្ម មិនព្រមចេញប្រមូលសំរាម ចាប់តាំងពីថ្ងៃទី០២ ខែតុលា រហូតដល់ព្រឹកថ្ងៃទី១៤ ខែតុលានេះ។
យ៉ាងណាមិញ យោងតាមកំណត់ហេតុខាងលើ កម្មករនិយោជិតក្រុមហ៊ុនស៊ីនទ្រី នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់ស្ដីពីការងារ។ ទន្ទឹមនេះ កម្មករនិយោជិតដែលក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងារនៅត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នឹងទទួលបានប្រាក់បំណាច់ទូទាត់ និងអត្ថប្រយោជន៍ផ្សេងៗ យ៉ាងយូរ នៅសប្ដាហ៍ទីពីរ នៃខែកុម្ភៈ ឆ្នាំ២០២១។
ចំពោះការធ្វើកូដកម្មពីថ្ងៃទី០២ ដល់ ០៧ ខែតុលា ក្រុមហ៊ុនស៊ីនទ្រី មិនបានកាត់ប្រាក់ឈ្នួលរបស់កម្មករនិយោជិតនោះទេ។ ប៉ុន្តែ ក្រុមហ៊ុន មិនផ្ដល់ប្រាក់ឈ្នួលដល់កម្មករ ចំពោះការធ្វើកូដកម្មចាប់ពីថ្ងៃទី០៨ ដល់ ១៤ ខែតុលា ឡើយ៕