កឋិនទានបវេណីព្រះពុទ្ធសាសនាគឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា“កឋិន“ជាភាសាបាលីសំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា “សំពត់កឋិន“។
បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។
ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ ។ បើវត្តនៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់។
កាលពីដើមពុទ្ធបរិសទ្ធហែអង្គកឋិនទៅកាន់ទីវត្ដឆ្ងាយៗ ដោយប្រើដំរីជាយានជំនិះ ក្នុងពិធីហែអង្គកឋិនដោយដំរីនេះ មើល ទៅគួរអោយសប្បាយរីករាយខ្លាំងណាស់ មានដំរីជាច្រើន រហូតដល់ ២០ ទៅ ៣០ដំរី ដើរដង្ហែជាជួរ ដំរីនិមួយៗគេ តុបតែងរចនាដូចជាដំរីព្រះអិន្ទ្រច្យុតពីស្ថានសួគ៌ នៅលើខ្នងដំរី គេចងរយាង រំលេចដោយភ្ញីផ្កា ក្បាច់ក្បូររចនា ភ្លឺចិញ្ចាំងចញ្ជែង មនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ សិតសក់ ស្លៀកសំពត់អាវថ្មីៗ បាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេក ក្នុងការហែនេះ គេមានប្រគំភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ហើយជាពិសេស គឺជាក្រុមភ្លេងឆៃយ៉ាំ ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង ។
លុះទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច។ គេនិមន្ដព្រះសង្ឃឆាន់ពេលថ្ងៃត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធ ជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវ ដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់ក្ដៅរាក់ទាក់រីករាយជាពន់ពេក លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គកថិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ។ ចៅអធិការវត្ដ បានចាត់អោយភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ។ ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ៕