(បាត់ដំបង)៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ដែលកំពុងដឹកនាំប្រតិបត្តិការពន្លត់អគ្គីភ័យឆាបឆេះផ្សារធំ ហៅផ្សារណាត់ខេត្តបាត់ដំបង អគ្គិភ័យបានពន្លត់ឱ្យរលត់ទាំងស្រុងហើយនៅវេលាម៉ោងជាង ៨យប់ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ។
អគ្គិភ័យបានឆាបឆេះផ្សារធំខេត្តបាត់ដំបងនៅវេលាម៉ោងប្រមាណ ៦ព្រលប់ថ្ងៃនេះ។ ក្រោយការឆាបឆេះនេះ លោក ងួន រតនៈ បានចុះដឹកនាំកម្លាំងប្រតិបត្តិការផ្ទាល់ ដើម្បីអន្តរាគមន៍ពន្លត់អគ្គិភ័យ។
ក្រោយប្រតិបត្តិការញាប់ដៃញាប់ជើងរយៈពេលជាងពីរម៉ោងអគ្គិភ័យត្រូវបានពន្លត់ទៅវិញទាំងស្រុង។ លោក ងួន រតនៈ បានឱ្យដឹងថា អគ្គិភ័យផ្តើមចេញពីទុស្សេចរន្តអគ្គិសនីនៅតាមតូបលក់ដូរក្នុងផ្សារ។ លោកអភិបាលខេត្ត បានឱ្យដឹងថា តូបប្រមាណជា ៥០តូប បានរងការឆាបឆេះ។
លោកអភិបាលខេត្ត បានឱ្យដឹងថា អាជ្ញាធរមិនទាន់អាចបូកសរុបទំហំនៃការខូចខាតបណ្តាលពីអគ្គិភ័យនេះនៅឡើយ។ បើតាមលោក ងួន រតនៈ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់ទឹកអស់ប្រមាណជា ៣០រថយន្ត។
បើទោះបីអគ្គិភ័យបានពន្លត់ហើយក្តី តែលោកអភិបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់ដកថយពីកន្លែងកើតហេតុនៅឡើយទេ គឺត្រូវបន្តនៅរក្សាសន្តិសុខ ក៏ដូចជាទ្រព្យសម្បត្តិសេសសល់នៅក្នុងផ្សារកុំឱ្យបាត់បង់។
សូមបញ្ជាក់ថា ផ្សារធំខេត្តបាត់ដំបង ជាផ្សារដ៏ចំណាស់មួយនៅក្នុងក្រុងបាត់ដំបង ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង៕