កំពត៖ តាមការឱ្យដឹងពីលោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ អ្នកផលិតអំបិលក្នុងខេត្តកំពត ទើបតែបញ្ចប់ការប្រមូលផលអំបិល ដោយពួកគេ ចាប់ផ្តើមប្រមូលផល តាំងពីខែមករា រហូតដល់ខែសីហានេះ។
លោកថា នេះជារយៈពេលយូរ ដែលអ្នកប្រមូលផលអំបិល បានទិន្នផលអំបិលច្រើន ខុសពីឆ្នាំមុនៗ ដែលភាគច្រើនអ្នកផលិត ប្រមូលផលអំបិលបានតែ៤ខែតែប៉ុណ្ណោះ។
លោក សុខ គឹមជឿន បានពន្យល់តាមរយៈទូរស័ព្ទថា ការប្រមូលផលអំបិលបានក្នុងរយៈយូរនេះ ដោយសារអំណោយផលអាកាសធាតុ និងរដូវប្រាំងអូសបន្លាយយូរ។ ចំពោះក្រុមផលិតអំបិលកំពត មានចំនួន ១៣៤ក្រុម ធ្វើការផលិតអំបិលលើផ្ទៃដីជាង ២,៨០០ហិចតា។ ក្នុងឆ្នាំ២០២០នេះ ខេត្តកំពត ទទួលទិន្នផលអំបិលបានជាង ៨ម៉ឺន៣ពាន់តោន។
នេះជាតួលេខមួយខ្ពស់ធៀបទៅនឹងការផលិតអំបិលក្នុងឆ្នាំ២០១៩ ទទួលទិន្នផលអំបិលបានតែជាង ១ម៉ឺនតោនប៉ុណ្ណោះ។
លោក បានបញ្ជាក់បន្ថែមថា តម្លៃអំបិលនៅពេលបច្ចុប្បន្ននេះ គឺចន្លោះពី ៨ពាន់រៀលទៅ ១ម៉ឺន១ពាន់រៀល ក្នុង៥០គីទ្បូក្រាម ដែលពេលបច្ចុប្បន្ននេះ អំបិលត្រូវលក់បានជាង ៤ម៉ឺន៥ពាន់តោនហើយ។
ដោយឡែក នៅខេត្តកែបវិញ លោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានឱ្យដឹងថា ក្នុងខេត្តកែប ការប្រមូលផលអំបិលបានតែជាង៣ខែទេ គឺពីពាក់កណ្តាលខែធ្នូ ដល់ខែមីនា ដោយសារអាកាសធាតុមិនអំណោយផល។ ការប្រមូលផលសរុបបានជាង ១ម៉ឺន ២ពាន់តោន ដែលបច្ចុប្បន្នលក់ចេញបានជិត៦ពាន់តោន ក្នុង៥០គីទ្បូក្រាមមានតម្លៃចន្លោះពី៨ពាន់រៀល ទៅ១ម៉ឺនរៀល។
ទោះបីជាយ៉ាងណា អំបិលកម្ពុជានៅតែជួបបញ្ហាការបញ្ចូលអ៊ីយ៉ូត ដែលអំបិលគ្រួស មិនបានគេបញ្ចូលសារធាតុអ៊ីយ៉ូតនោះទេ ជាហេតុធ្វើឱ្យអ្នកបរិភោគកង្វះនូវជាតិអ៊ីយ៉ូត។សារធាតុអ៊ីយ៉ូដមានសារៈសំខាន់ដល់ការអភិវឌ្ឍផ្នែកខួរក្បាលមនុស្ស និងសម្រួលតួនាទីរបស់អ័រម៉ូន។
ការបញ្ចូលសារធាតុអ៊ីយ៉ូដក្នុងអំបិល ត្រូវបានគេចាត់ទុកថា ជាការចំណាយដែលអស់ថវិកាតិច ហើយជាវិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការអភិវឌ្ឍផ្នែកសុខភាពសាធារណៈ។ ការលាយអ៊ីយ៉ូដចំណាយតែប្រមាណ ២សេន ឬ ១០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាមនៃអំបិល៕