ព្រះសីហនុ ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ចនៃ ស្នងការ នគរបាលខេត្តព្រះសីហនុ និង ក្រុមអូប៊រ័ល្បឿនលឿន GTVC របស់លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកឃើញសពបុរសអ្នកនេសាទម្នាក់ ដែលបានបាត់ខ្លួន ក្នុងសមុទ្រទឹកជ្រៅឃើញហើយ ដែលអណ្តែតរហូតជិតដល់កោះត្រល់ ។
សូមជម្រាបថា ជនរងគ្រោះ មានឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ3 សង្កាត់1 ក្រុង ព្រះសីហនុ បានធ្លាក់ទឹកបាត់ខ្លួន ក្នុងទឹកសមុទ្រ កាលពីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុច Lat 10°27’00” N, Long 103°16’00” E ខាងត្បូង ឈៀងខាងលិច ពយភ្លើងសុីញ៉ូ(កោះរ៉ុងសន្លឹម) ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ។ តាមអ្នករួមដំណើរជាមួយ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានលោត ចេញពីទូក ពេលបោះយុថ្កាដាំបាយ ហើយបាត់ខ្លួនរហូតមក ។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវលើករណីនេះបន្ថែម ។
ពេលទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ចនិងក្រុមសង្គ្រោះស្មគ្រ័ចិត្តឯកជន ក្នុងខេត្តព្រះសីហនុ បានចេញស្វែងរកបុរសអ្នកនេសាទនោះ អស់រយៈពេលជាច្រើនថ្ងៃ ទើបបានប្រទះ ឃើញសាកសពអណ្ដែតលើផ្ទៃសមុទ្រ នៅថ្ងៃទី២៥នេះ ៕