ភ្នំពេញ៖ ជំនន់ទឹកភ្លៀង អាចនឹងកើតមានឡើងញឹកញាប់ ចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ចុងខែតុលា ឆ្នាំ២០២០។ នេះដោយយោងតាមការឱ្យដឹងពី លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។
លោក ចាន់ យុត្ថា បានឱ្យដឹងថា តាមការសង្កេតរបស់ស្ថានីយឧតុនិយមធំៗនៅអាស៊ី អឺរ៉ុប និង អាមេរិក បានបង្ហាញថា ចាប់ពីខែកញ្ញា ឆ្នាំ២០២០តទៅ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់មួយចំនួន នឹងទទួលរងឥទ្ធិពលពីបាតុភូត La Nina ៦០ភាគរយ និង ៤០ភាគរយទៀត ជាបាតុភូត Enso។
លក្ខខណ្ឌអាកាសធាតុខាងលើនេះ គឺមានសភាពប្រហាក់ប្រហែលនឹងស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ១៩៨១ និងឆ្នាំ២០១០ ផងដែរ៕