សៀមរាប ៖ ក្រោមការដឹកនាំ ពីលោកស្នងការនគរបាលខេត្តសៀមរាប និងលោកស្នងការនគរបាល ខេត្តព្រះវិហារ កម្លាំងអធិការដ្ឋាន នគរបាលក្រុងសៀមរាប បានសហការជាមួយកម្លាំង របស់អធិការដ្ឋាន ត្បែងមានជ័យ ខេត្តព្រះវិហារ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០ បានដឹកនាំកម្លាំង កិច្ចប្រតិបត្តិការ ចុះស្រាវជ្រាវផ្ទាល់ ដោយលោកអនុសេនីយ៍ឯក ស៊ូវ៉ាន់ដេត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្វាយដង្គុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អែម បញ្ញា ត្រង់ចំណុចលើខ្នងភ្នំត្បែង ។
ជនសង្ស័យខាងលើ ពាក់ព័ន្ឋនិងករណីហឹង្សាដោយមាន ស្ថានទម្ងន់ទោស និងលួច ដោយមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២០ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រោយពីសាកសួរ ជនសង្ស័យ(អែម បញ្ញា)រូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់ម្ដាយមីង ឈ្មោះ អែមចាន់សូឡី សម្លុតគំរាមកំហែង និងកាប់រថយន្ត របស់ជនរងគ្រោះ ឈ្មោះ ស៊ុន ចិនស្រឿន ភេទប្រុស បណ្ដាលឲ្យខូចខាត និងឡើងបើករថយន្តរបស់ជនរងគ្រោះ គេចខ្លួនពិតប្រាកដមែន និងបានលួចយកប្រាក់ នៅក្នុងឡានរបស់ជនរងគ្រោះ ជិត៦០០០(ប្រាំមួយពាន់)ដុល្លារអាមេរិក ។
សមត្ថកិច្ចបានដកហូត ប្រាក់មួយចំនួន ដែលនៅសល់នឹងខ្លួនជនសង្ស័យ រួចបានប្រគល់ថវិកានោះ ជូនទៅជនរងគ្រោះវិញ គ្រប់ចំនួន ចំណែកជនសង្ស័យ និងបញ្ជូនទៅសាលាដំបូងខេត្ត ធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕