ភ្នំពេញ ៖ ក្រោយពីមានករណី ធ្លាក់បំពង់ដែកជ្រុង ពីការដ្ឋាន សំណង់អគារខន់ដូ ៩៩៩ បណ្ដាលឱ្យអ្នកធ្វើដំណើរម្នាក់ រងរបួសធ្ងន់នោះ សមត្ថកិច្ចខណ្ឌបឹងកេងកេង ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ជាវិស្វករ និងម្នាក់ទៀតជា អ្នកគ្រប់គ្រងសំណង់ ។
ការឃាត់ខ្លួនជនសង្ស័យ២នាក់នេះ គឺធ្វើឡើងកាលពីវេលា ម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋាន សំណង់ខុនដូរ៩៩៩ ផ្លូវ១៨៧ ក្រុម១៧ ភូមិ ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ ឈ្មោះ ម៉ីម៉ា រ៉ាឌី ភេទប្រុស អាយុ ៣០ឆ្នាំ ជាវិស្វករសំណង់ ( អ្នកគ្រប់គ្រង ) និងទី២ ឈ្មោះ អ៊ុង សាវឿន ភេទប្រុស អាយុ ៤០ឆ្នាំ ជាមេការ ( អ្នកគ្រប់គ្រង ) រីឯជនរងគ្រោះ មានឈ្មោះ ឈិត សុភាព ភេទប្រុស អាយុ៦១ឆ្នាំ ស្នាក់នៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានមុខរបរ អនុប្រធានភូមិទួលរកា១ ។
ប្រភពឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ដឹកពូកចេញ ម្ដុំចំការដូង គោលបំណង យកទៅឲ្យគេ នៅម្ដុំអង់តែនទួលគោក លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែមានខ្យល់បក់ខ្លាំង ធ្លាក់ដែកទីបជ្រុង១ដើម ប្រវែង ជិត៣មែត្រ ធ្លាក់ពីលើ ជាន់ទី១៩ នៃអគារខុនដូ ៩៩៩ ដែលកំពុងសាងសង់ មានកម្ពស់២២ជាន់ ធ្លាក់ត្រូវចំក្បាលជនរងគ្រោះ ទម្លុះទាំងមួកសុវត្ថិភាព បណ្ដាលឲ្យរងរបួសធ្ងន់។ ភ្លាមនោះជនរងគ្រោះត្រូវបានយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ មិត្តភាពខ្មែរសូវៀត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរបានចុះពិនិត្យ រួចឃាត់ខ្លួនជនសង្ស័យតែម្ដង ។
អាជ្ញាធរបញ្ជាក់ថា ទីតាំងការដ្ឋានសំណង់ខុនដូ៩៩៩ខាងលើនេះ គ្មានលិខិតអនុញ្ញាតនោះទេ ជារបស់ឈ្មោះ ទាវ ធីតា ហើយត្រូវបានអាជ្ញាធរ សម្រេចធ្វើការបិទចោលទាំងស្រុង រហូតដល់មានលិខិតអនុញ្ញាតឲ្យសង់សាង់បន្ត ៕