ភ្នំពេញ ៖ បុរសជនជាតិចិន២នាក់ បានស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ខណៈបើករថយន្ត ក្នុងល្បឿនលឿន ដូចហោះវ៉ាជែង ជ្រុលទៅបុករថយន្តកុងតឺន័រ ក្រុមហ៊ុនផែស្ងួួតតេងឡាយ នៅវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃអាទិត្យ ទី១៩ ខែកក្ដដា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចជិតតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិតាកេរ៏ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អត្តសញ្ញាណអ្នកស្លាប់និងអ្នករងរបួសទាំងអស់ នៅមិនទាន់ស្គាល់នៅឡើយទេ ពួកគេទាំង៤នាក់ ក្នុងនោះមានបុរសជនជាតិចិន៣នាក់ និងនារីជនជាតិខ្មែរម្នាក់ ជិះរថយន្ត តូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-3975 រីឯរថយន្តធន់ធំ ប្រភេទសណ្ដោងកុងតឺន័រ របស់ក្រុមហ៊ុនតេងឡាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-2928 បើកបរដោយបុរសម្នាក់ រត់ចេញពីកន្លែងកើតហេតុបាត់ ។
តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តព្រូស ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីលិចមកកើត បោះពួយយ៉ាងលឿន រីឯរថយន្តកុងតឺន័រ ធ្វើដំណើរពីកើតមកលិច លុះជិតមកដល់ចំណុចកើតហេតុ រថយន្តព្រូស បានបើកវ៉ាជែង រ៉េចង្កូតមកខាងឆ្វេងដៃ ចូលចំណីផ្លូវរថយន្តកុងតឺន័រ បុកពេញទំហឹងតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ រីឯសពត្រូវតំកល់ទុក នៅវត្តស្ទឹងមានជ័យ រង់ចាំស្រាវជ្រាវ រកក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕