ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវជាម្ដាយនិងកូន ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ បង្រ្កាបបាន ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន កាលពីវេលា ម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះលេខ១៨០ ក្រុមទី៧ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមាឈ្មោះ លី ហាក់ឡេង អាយុ១៨ឆ្នាំ ត្រូវជាកូន និងឈ្មោះ ងួន សំបូរ អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ដកហូតបានថ្នាំញៀន ចំនួន២កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត ។
លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា លោកតាមចាប់ជនសង្ស័យទាំង២នេះយូរហើយ ព្រោះប្រជាពលរដ្ឋ រាយការណ៍មកថា ជួញដូរយ៉ាងសកម្ម ទើបនៅពេលនេះ សមត្ថកិច្ចឈានទៅបង្ក្រាបជាមួយវត្ថុតាង ។ លោកបានរំលឹកថា កាលពីបីឆ្នាំមុន សមត្ថកិច្ចបានចាប់ បុរសម្នាក់ ដែលត្រូវជាប្តីនិងត្រូវជាឳពុក របស់ជនសង្ស័យទាំងនាក់ ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់ (ជាប់ពន្ធនាគារ ជិត១០ឆ្នាំ មិនទាន់ចេញផង) ៕