នៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០២០ នេះក្រសួងធនធានទឹក និង ឧតុនិយមបានចេញផ្សាយអំពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ០៨ រហូតដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ ។ តាមការព្យាករណ៍ឱ្យដឹងថា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ជាមួយនឹងជ្រលងនៃប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយលើព្រះរាជាណាចក្រកម្ពុជា ។ ស្ថានភាពបែបនេះធ្វើឱ្យចាប់ពីថ្ងៃទី ០៨ ដល់ ថ្ងៃទី ១៤ ខែកក្កដា មានអាកាសធាតុប្រែប្រួលដូចខាងក្រោមនេះ៖
១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៦ ដល់ ២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣២ ដល់ ៣៥°C ។
នៅថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ នឹងអាចមានភ្ញៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយទៅមធ្យម និង បន្ទាប់ពីនោះ ភ្លៀងនៅក្នុងកម្រិតតិចទៅបង្គួរ ។
២. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២២ ដល់ ២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣១ ដល់ ៣៣°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតខ្សោយទៅមធ្យម ។
៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៥ ដល់ ២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣០ ដល់ ៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅមធ្យម ។
ក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានជាយថាហេតុ ៕