ភ្នំពេញ ៖ បុរស២នាក់បាន ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូវ៉ាខាងឆ្វេងដៃ ស្រាប់តែដួល ខ្ទាតចូលក្រោមកង់រថយន្ត យីឌុប ក្រោមដំណក់ទឹកភ្លៀង នៅវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ លើផ្លូវបេតុង105K ( ផ្លូវវត្តតាំងកសាង ) ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង២នាក់ មិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល1A-1129 ចំណែកឯរថយន្តធន់ធំ ក្បាលពណ៌ទឹកប្រាក់ មិនមានស្លាកលេខ ( តៃកុងដោះយកទៅ) ជាប្រភេទរថយន្តទ្រុងដឹកទំនិញ ហៅរថយន្ត ( យីឌុប ៥ភ្លៅ) ។
តាមសម្តីបុរសម្នាក់ ដែលឃើញហេតុការណ៍ បានឲ្យដឹងថា ដំបូងឡើយ គេឃើញរថយន្តយីឌុប បានបើកតាមបណ្ដោយផ្លូវបេតុង១០៥K(ផ្លូវវត្តតាំងកសាង) ទិសដៅពីជើងមកត្បូង ខណៈ មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ហុងដាគុបជិះគ្នា2នាក់ មកពីក្រោយ ស្របទិសសគ្នាបានវ៉ាខាងឆ្វេងដៃយ៉ាងលឿន ស្រាប់តែរេចង្កូតមកស្ដាប់ដៃវិញ ប៉ះនឹងរថយន្តយីឌុបនោះបណ្ដាលឱ្យដួលបោក ចូលក្រោមកង់ រថយន្តកិនស្លាប់ទាំង2នាក់ ។ ភ្លាមៗរថយន្តបានបើករត់ ទៅទិសខាងត្បូង បត់ទៅទិសខាងលិចប្រហែល 500 ម៉ែត្រ ក៏ឈប់រថយន្ត រួចតៃកុងបកស្លាកលេខ រត់គេចបាត់ ( ស្លាកលេខ បំពាក់មិនកិបច្បាស់លាស់ ដើម្បីងាយដោះ ពេលមានបទល្មើសអ្វីមួយ ) ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយក រថយន្តនិងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ចំណែកសាកសព តម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ មកយកទៅធ្វើបុណ្យ តាមប្រពៃណី៕