កែប៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែបបានរៀបចំប្រារព្ធ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ២០២៤ ខួបលើកទី២៣ ក្រោមប្រធានបទ “រួមគ្នាអនុវត្តការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ” ក្នុងពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាតាពីង ស្ថិតនៅក្នុងភូមិអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកំលាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។ លោក ស្រី សាម៉ន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអោយដឹងថា ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា គឺជាការបង្កើនចលនាពិភពលោកប្រឆាំងពលកម្មកុមារ ដែលបានស្តែងឱ្យឃើញតាមរយៈ ការផ្តល់សច្ចាប័នដោយប្រទេសជាច្រើនលើពិភពលោក លើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងអនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមា សម្រាប់ការចូលធ្វើការងារ សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជាទាសករកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ ការប្រើប្រាស់គ្រឿងញៀន ការប្រើអំពើហិង្សាលើកុមារ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងក្នុងស្ថានភាពងាយរងគ្រោះជាដើម។ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអានសារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ២០២៤ ខួបលើកទី២៣ ក្រោមប្រធានបទ “រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ”។ ក្នុងឪកាសនោះដែល ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប ក៏បានជុំរុញទៅដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ទៅលើការសិក្សាររបស់កុមារ ការអប់រំទូន្មានកុមារអោយដើរនៅផ្លូវល្អ ជៀសឆ្ងាយនិងអំពើរទុច្ចរិតផ្សេងៗ ព្រោះកុមារ គឺជាសសរទ្រូងនៃប្រទេសជាតិ៕អត្ថបទៈ កញ្ញា ងី ងាន មន្ទីរព័ត៌មានខេត្តកែប