ពោធិ៍សាត់ ៖ បុរសជាឪពុកដែលមានជំងឺសរសៃប្រសាទម្នាក់ត្រូវបាន ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តពោធិ៍សាត់ចាប់ឃាត់ខ្លួន បន្ទាប់ពីបានយកដំបងវាយសំពងទៅលើកូនប្រុសបង្កើតស្លាប់ក្នុងថ្លុកឈាម កើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូររការ សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។
តាមការបំភ្លឺរបស់ឈ្មោះ គឹម ហេង ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាបងស្រីបង្កើតនៃសព បានរៀបរាប់ឱ្យដឹងថា ឪពុករបស់ខ្លួនមានជំងឺសរសៃប្រសាទប្រចាំកាយ ហើយតែងតែ វ៉ៃទៅលើជនរងគ្រោះដែលជាប្អូនប្រុសបង្កើត នៅពេលគាត់មានអាការៈជំងឺរើឡើងម្តងៗ តែត្រូវកូនៗឯទៀតជួយឃាត់ទាន់។
ឈ្មោះ គឹម ហេង បន្តថា នៅល្ងាចថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២១ ជនរងគ្រោះបានទៅបូមទឹកដាក់ស្រែ លុះពេលល្ងាចក៏នាំមិត្តភក្តិផឹកស្រា រហូតដល់ម៉ោងប្រហែល១០យប់ ទើបជនរងគ្រោះ បានយកប្អូនស្រីពៅឈ្មោះ គឹម យាកលី ទៅដេកផ្ទះដែលនៅខាងមុខជាប់ផ្លូវ រួចដើរទៅដេកនៅផ្ទះក្រោយ ខណៈដែលជនសង្ស័យជាឪពុកកំពុងដេកក្នុងជង្រុក ដែលមានចម្ងាយពីផ្ទះក្រោយ១០ម៉ែត្រ។
លុះព្រឹកឡើងប្អូនស្រីពៅ បានដើរមកផ្ទះខាងក្រោយ ស្រាប់ប្រទះឃើញ ជនរងគ្រោះដេកស្លាប់នៅខាងជើងផ្ទះ ឃើញដូចនេះនាងក៏រត់ទៅប្រាប់បងស្រី ហើយផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដោយឪពុករបស់ខ្លួនកំពុងពួនសម្ងំលើជង្រុក។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលចំរើនផល កម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌ ដឹកនាំដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម ហុង ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ យកមកកាន់ផែនការងារព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ចំណែកជនរងគ្រោះមានឈ្មោះ គឹម ឆេង ភេទប្រុស អាយុ៣០ឆ្នាំ បានដេកស្លាប់ក្នុងថ្លុកឈាម ក្រោយការពិនិត្យ និងកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បញ្ជាក់ថា «លលាក្បាលជនរងគ្រោះមានសភាពស្រុតបែកខ្ទេច សំប៉ែតខួរចេញមកក្រៅ ដោយត្រូវវត្ថុរឹងមានទម្ងន់ធ្ងន់ប៉ះទង្គិច ទើបបណ្តាលឱ្យជនរងគ្រោះស្លាប់បែបនេះ សមត្ថកិច្ចបានសន្និដ្ឋានថាជនរងគ្រោះឈ្មោះ គឹម ឆេង បានស្លាប់លើសពី១០ម៉ោង ទៅហើយ»។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕