(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិដោយមិនចាំចាប់ឆ្លងកាត់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះឡើយ។
ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មូលហេតុដែលសម្ដេចជ្រើសរើសមធ្យោបាយនេះ ព្រោះកម្ពុជាជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ។
គួរជម្រាបថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។ នេះបើតាមការឲ្យដឹងពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ។
លោក រស់ សុវាចា បានបញ្ជាក់ទៀតថា ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)។ ដោយឡែក ចំនួនមណ្ឌលវិញ មាន២១០មណ្ឌល (កើន៨មណ្ឌល) និងចំនួនបន្ទប់ ៤,៨៨៧បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ មាន៧០មណ្ឌល ១,៦៥៤បន្ទប់ និងថ្នាក់វិទ្យាសស្ដ្រសង្គម មាន១៤០មណ្ឌល ៣,២៣៣បន្ទប់៕