កណ្តាល ៖ ពលរដ្ឋ២នាក់ ក្នុងនោះម្នាក់ជា មេភូមិត្រូវបានមនុស្ស៤នាក់ ព្រួតវាឱ្យរបួស និងវាយបំផ្លាញ ទ្រព្យសម្បត្តិ ដោយសារតែទំនាស់រឿង ចតឡាននៅមុខផ្ទះ ដែលអំពើហិង្សា ដោយចេតនា និងធ្វេីឱ្យខូចខាតដោយចេតនា ខាងលើ កើតឡើងនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨យប់ នៅចំណុចផ្ទះ ជនរងគ្រោះឈ្មោះសំ សែន ស្ថិតក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាលហើយប៉ូលិសឃាត់ជនសង្ស័យ៣នាក់ ,រត់រួចម្នាក់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
ប៉ូលិសនិយាយថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះសំ សែន ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរលក់ដូរ ខូចខាតសម្ភារ:ប្រេីប្រាស់ ក្នុងផ្ទះមួយចំនួន និង២-ឈ្មោះរី សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំទីលំនៅ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជា«មេភូមិតាក្តុលត្បូង» រងរបួសស្នាម បែកចុងចិញ្ចេីមខាងស្តាំ និងរយះកដៃខាងឆ្វេង ។
ចំណែកជនសង្ស័យ៤នាក់ រួមមាន ១-ឈ្មោះឆិល ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំទីលំនៅ ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន),២-ឈ្មោះឆិល មករា ភេទប្រុស អាយុ៣៥ឆ្នាំទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន),៣-ឈ្មោះសំ ចាន់ធី ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរបេីកបររថយន្ត(ឃាត់ខ្លួន)និង៤-ឈ្មោះឆិល ចាន់ថុល ភេទប្រុសអាយុ៣៧ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ នៅផ្ទះ(គេចខ្លួន)។ វត្ថុតាងចាប់យក ដុំថ្មចំនួន៦ដុំ ,កាំបិតប៉័ងតោដងជ័រចំនួន១ អំបែងចានមួយចំនួន និងបំពង់ទឹកក្តៅ ពណ៌ក្រហមចំនួន១ ។
ប៉ូលិសបន្តថា ដំបូងជនរងគ្រោះឈ្មោះសំ សែន បានចតរថយន្តរបស់ខ្លួន នៅតាមផ្លូវមុខផ្ទះ របស់ខ្លួន លុះដល់វេលាកេីតហេ តុខាងលេីស្រាប់តែជនសង្ស័យ ឈ្មោះឆិល ចាន់ធឿន បានបេីករថយន្ត ចេញពីផ្ទះម្តាយរបស់ខ្លួន ដែលនៅផ្ទះក្បែរគ្នា មកដល់មុខផ្ទះជនរងគ្រោះ បេីកចេញមិនរួចព្រោះផ្លូវចង្អៀត ដោយទេីសរថយន្ត របស់ជនរងគ្រោះ ។
ភ្លាមនោះជនរងគ្រោះ បានចេញពីផ្ទះ មកជួយសារ៉េសម្រួល ស្រាប់តែជនសង្ស័យ ឈ្មោះឆិល ចាន់ធឿន បាននិយាយថា «ចតឡានពេញផ្លូវ»។ ពេលនោះជនរងគ្រោះ ប្រាប់ថា «សុំចតតែពីរថ្ងៃទេ ដោយសម័យកូវីដ មិនហ៊ានទុកឡាន នៅការ៉ាស់ទេ»។ ហេីយក៏មានទំនាស់ពាក្យសំដីគ្នាទៅវិញទៅមកតែម្ដង ។
ពេលនោះជនរងគ្រោះ ឈ្មោះរី សារ៉េត ដែលជាមេភូមិ នៅផ្ទះជាប់គ្នា ក៏ចេញមកឃាត់ កុំឱ្យឈ្លោះគ្នា ស្រាប់តែជនសង្ស័យនិយាយថា «មិនមែនរឿងរបស់អ្ហែងទេកុំមកចេះ»។ ដោយខ្លាចមានរឿង ជនរងគ្រោះឈ្មោះ សំ សែន បានដឹកដៃជនរងគ្រោះឈ្មោះរី សារ៉េត ឱ្យចូលទៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែក្រុមជនសង្ស័យ ខាងលេីបាននាំគ្នាចូល ទៅវាយបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះបណ្តាលឱ្យខូចខាត និងយកដុំថ្មគប់បណ្តាល ឱ្យជនរងគ្រោះ ឈ្មោះរី សារ៉េត រងរបួសបែកចុងចិញ្ចេីមខាងស្តាំ និងរយះកដៃខាងឆ្វេង ហេីយក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ។
ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ូលិសប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ូលិសជំនាញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានបីនាក់ ដូចខាងលេី នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ រួចបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដេីម្បីចាត់ការតាមនីតិវិធី ។ ជុំវិញករណីខាងលើនេះ ជនរងគ្រោះ ឈ្មោះរី សារ៉េត ជាមេភូមិតាក្តុលត្បូង បានបញ្ជាក់ថា «លោកមិនសម្របសម្រួល ដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះទេ គឺត្រូវបញ្ជូន ទៅដោះស្រាយនៅតុលាការ»៕