ពោធិ៍សាត់៖ យុវជនសង្ស័យម្នាក់ឈ្មោះ ទូច វតនា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បានប៉ុនប៉ងរំលោភសេពសន្ថវៈក្មេងស្រីម្នាក់អាយុ ១៥ឆ្នាំ តែមិនបានសម្រេច និងត្រូវបែកការណ៍។ ករណីនេះ បានកើតឡើងនៅក្នុងបន្ទប់ទឹក ស្ថិតនៅភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបាឱ្យដឹងថា ជនសង្ស័យមានស្រុកកំណើតនៅភូមិទំពាំងលើ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន ជាកម្មករ និងស្នាក់នៅផ្ទះកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឆ.ស.អ អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុ។
តាមចម្លើយម្តាយជនរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យបានធ្វើក្រវ៉ាកាវកង្កែបឱ្យក្មេងៗប្រមាណ ២ទៅ៣នាក់នៅក្បែរបន្ទប់ទឹក ស្របគ្នានោះដែរ ឃើញក្មេងស្រីរងគ្រោះកាន់ក្រវ៉ាកាវកង្កែបអត់មានដង ជនសង្ស័យ ក៏ហៅឱ្យចូលទៅដើម្បីធ្វើដងឱ្យ។ ពេលធ្វើដងក្រវ៉ាកាវកង្កែបរួចក៏ហៅឱ្យនាងទៅយក និងឃើញសភាពស្ងាត់ល្អ ក៏ឆ្លៀតឱកាសចាប់ទាញដៃនាងចូលបន្ទប់ទឹក និងសម្រាតខោអាវធ្វើសកម្មភាព ប៉ុន្តែមិនបានសម្រេច ព្រោះស្រ្តីជាម្ដាយក្មេងស្រី បានស្រែកហៅកូន ស្រាប់តែឃើញកូនស្រីដើរចេញពីក្នុងបន្ទប់ទឹក ចំណែកជនសង្ស័យដើរចេញតាមក្រោយ ក៏នាំគ្នាភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនសួរចម្លើយ និងបន្តនីតិវិធីមញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមច្បាប់៕