តាកែវ៖ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ ស៊ីណាត ដែលជានាយកគម្រោងនៃ PMU-ADB and WB MOWRAM នៅថ្ងៃទី១១ ខែធ្នូនេះ បានដឹកនាំក្រុមការងារ ចុះធ្វើការត្រួតពិនិត្យក្នុងបណ្តាតំបន់ប្រព័ន្ធធារាសាស្ដ្រមួយចំនួន ស្ថិតក្នុងខេត្តតាកែវ។
បើតាមលោក ចាន់ ស៊ីណាត បានឱ្យដឹងថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញាតឲ្យលោកធ្វើកិច្ចអភិវឌ្ឍន៍ និងដំណើរការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រក្នុងតំបន់នេះ ដែលរួមមាន ប្រឡាយលេខ១៥ ប្រឡាយលេខ៨៧ តម្លើងស្ថានីយបូមទឹកទំនើបក្នុងតំបន់សាមពុត និងធ្វើទំនើបកម្មលើបណ្តាប្រព័ន្ធពាក់ព័ន្ធទាំងអស់ ដោយសហប្រតិបត្តិការយ៉ាងជិតស្និតនឹងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ដោយយកទុនវិនិយោគពីគម្រោង IAIP-ADB។
លោក ចាន់ ស៊ីណាត ក៏បានឱ្យដឹងបន្ថែមទៀតថា លោករដ្ឋមន្ត្រីក្រសួធនធានទឹក ក៏បានបញ្ជាឲ្យ លោកធ្វើសហប្រតិបត្តិការយ៉ាងជិតស្និតនឹងក្រសួងសេដ្ឋកិច្ច និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB បោះទុនអនុវត្តការវិនិយោគទៅលើការធ្វើទំនើបកម្មនៃប្រព័ន្ធធារាសាស្រ្តទំនប់អាងត្នោតតេ របស់ខេត្តតាតែវ ដោយប្រតិបត្តិការចាប់ពីប្រព័ន្ធប្រឡាយលេខ១៥ និងប្រព័ន្ធពាក់ព័ន្ធទាំងអស់ក្នុងតំបន់អង្គបូរី តំបន់ក្រុងដូនកែវ តំបន់ស្រុកត្រាំកក់ និងតំបន់ស្រុកសំរោង។
បើតាមលោក ចាន់ ស៊ីណាត គឺក្រសួងសេដ្ឋកិច្ច និង និងធនាគាវិនិយោគរបស់សហគមន៍អឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុសារណៈរួចហើយ ឥឡូវកំពុងរៀបចំនីតិវិធីបន្ត ដែលត្រូវនឹងអនុវត្តបណ្តាគម្រោងខាងលើ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយប្រើទុនពីគម្រោង IAIP-EIB ៕