កណ្ដាល ៖ យោងតាមផេក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល នៅថ្ងៃទី៨ ខែធ្នូឆ្នាំ២០២០នេះ បានឆ្លើយតបចំពោះ គណនីហ្វេសបុកឈ្មោះ Som Oun Keo ដែលបាន ខមមិន (Comment) នៅក្នុងផេកហ្វេសបុកសម្តេចក្រឡាហោម ឧបយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
ខ្លឹមសារនោះថា « សូមសម្តេចជួយដោះស្រាយ ឲ្យក្រុមគ្រួសារខ្ញុំផង កាលពីឆ្នាំ២០១៩ ប្អូនស្រីខ្ញុំ បានចាញ់បោកជនបោកប្រាស់ដែលថាជួយ រត់ការឲ្យប្អូនស្រីខ្ញុំ ចូលក្របខណ្ឌនគរបាល ហើយថ្លៃរត់ការនោះ គេយក ១៧,០០០ដុល្លារ (មួយម៉ឺនប្រាំពីរពាន់ដុល្លារ) ។ ប៉ុន្តែពេលនេះការងារក៏អត់ សងលុយវិញក៏អត់ ហើយខ្ញុំបានដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ប៉ុន្តែមន្រ្តីនគរបាល មិនទាន់ដោះស្រាយឲ្យទេ (ជនបង្កឈ្មោះ គ្រី រ៉ាឌី មុខរបរប៉ូលីស) សូមសម្តេច រកយុត្តិធម៌ ជូនគ្រួសារខ្ញុំផង» ។
ក្រោយពីទទួលបានព័ត៌មាន ខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានចាត់ឱ្យការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការស្រាវជ្រាវករណី ដែលបានរាយការណ៍នោះ ។
ជាលទ្ធផល ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ភាគីទាំងពីរដោយភាគី គ្រី រ៉ាឌី មានមេធាវីជាតំណាង បានមកជជែកចរចាព្រមព្រៀងគ្នាជាមួយដើមបណ្តឹង ហើយភាគីឈ្មោះ គ្រី រ៉ាឌី បានយល់ព្រមសងប្រាក់ ទៅឱ្យភាគីដើមបណ្តឹង ចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ) ហើយនៅខ្វះ ៧,០០០ដុល្លារ (ប្រាំពីរពាន់ដុល្លារ) ភាគីឈ្មោះ គ្រី រ៉ាឌី សន្យាប្រគល់គ្រប់ចំនួននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
ភាគីគណនីហ្វេសបុកឈ្មោះ Sam Oun Keo ដែលមានឈ្មោះ យ៉ាង សំអូន បន្ទាប់ពីទទួលបាន សំណងរួចមក បានសរសេរខមមិន(Comment) ទៅក្នុងផេកសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ វិញ ដោយបានថ្លែងអំណរអរព្រះគុណដល់សម្តេចដែល បានជួយរកយុត្តិធម៌ដល់គ្រួសារខ្ញុំ ។ មួយវិញទៀតក៏សូមអរគុណដល់សមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានដោះស្រាយ យ៉ាងសកម្ម និងមានភាពយុត្តិធម៌ ៕