ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញលិខិតសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវធនាគារកាណាឌីយ៉ា ដែលមានទីតាំងក្នុងអគារកាណាឌីយ៉ា ដែលត្រូវបានបិទបណ្តោះអាសន្ននាពេលកន្លងមក បន្ទាប់ពីរកឃើញមនុស្សម្នាក់ធ្វើការនៅធនាគារចិនក្នុងអគារនេះ មានផ្ទុកកូវីដ១៩។
ក្នុងលិខិតរបស់លោករដ្ឋមន្ត្រី ផ្ញើទៅកាន់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ បានបញ្ជាក់ថា តាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធនាគារកាណាឌីយ៉ា នឹងត្រូវដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ តទៅ។
ដោយឡែក សម្រាប់ធនាគារចិន ដែលស្ថិតនៅក្នុងអគារកាណាឌីយ៉ា ដែលមានបុគ្គលិកម្នាក់មានផ្ទុកកូវីដ១៩ ត្រូវបន្តបិទដំណើរការបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យបុគ្គលិកដែលធ្វើការនៅទីនោះទាំងអស់ ត្រូវធ្វើតេស្តជាលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០៕