ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា ពីរនាក់បងប្អូនបង្កើត ដែលម្នាក់ធ្វើការនៅធនាគារកាថេ និងម្នាក់ធ្វើការនៅធនាគារចិន ដែលរកឃើញឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ “សហគមន៍ ២៨វិច្ឆិកា” នោះ បានទៅទិញខោអាវនៅហាង Zando តាមផ្លូវត្រសក់ផ្អែម (សាខាបឹងកេងកង) កាលពីម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។
តាមរយៈបណ្តញសារព័ត៌មានក្នុងស្រុក លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់ភ្ញៀវទាំងឡាយណាដែលបានចូលទៅទិញសម្លៀកបំពាក់ នៅហាង Zando សាខាបឹងកេងកង នៅអំឡុងចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៩យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវមកធ្វើតេស្តជាបន្ទាន់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីស្វែងរកមេរោគកូវីដ១៩ ជាបន្ទាន់។
បើតាមលោករដ្ឋមន្ត្រី ពីរនាក់បងប្អូនបង្កើតនោះ ទី១៖ ឈ្មោះ ឡាយ សេងលី បុគ្គលិកធនាគារចិន (Bank of China) នៅអគារកាណាឌីយ៉ា និងទី២៖ឈ្មោះ ឡាយ សេងលីន បុគ្គលិកធនាគារកាថេ យូណាធិន ហើយពួកគេត្រូវបានរកឃើញមានជំងឺកូវីដ-១៩ ដែលឆ្លងពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍ ២៨វិច្ឆិកា” ហើយក៏ធ្លាប់បានចម្លងទៅបុគ្គលិកនៅហាង Pedro ចំនួន ៧នាក់ផងដែរ។
តាមរយៈវីដេអូដែលបានបង្ហាញពីកាមេរ៉ាសុវត្ថិភាព បង្ហាញថា ឈ្មោះ ឡាយ សេងលី និងឈ្មោះ ឡាយ សេងលីន ពេលកំពុងដើរមើលសម្លៀកបំពាក់នោះ មិនបានពាក់ម៉ាស់នោះទេ ដូច្នេះហើយជាក្ដីព្រួយបារម្ភ សម្រាប់ដែលបានចូលទៅហាង Zando អំឡុងពេលដូចគ្នានេះ។
គួរជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» សរុបទាំងអស់ បានចំនួន១០,១៤៧សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន២៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕