បាត់ដំបង ៖ ជនសង្ស័យ២នាក់ ដែលជាប់ករណីលួចម៉ូតូ ត្រូវបាន កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ នៅចំណុចភូមិវត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ជាប់ករណី លួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ ) ០១ករណី ទី១ឈ្មោះ ជាចាន់ថន ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី២ ឈ្មោះ ជា ចាន់ថុល ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅជាមួយគ្នា ។
ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពលួច ( យកម៉ូតូ ) របស់ជនរងគ្រោះឈ្មោះ លេង វុត្ថា ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិ ពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យទាំង២នាក់នេះដែរ ក៏ធ្លាប់ជាប់ពន្ធនាគារ ចំនួន ០៣ លេីក ដែលពាក់ព័ន្ធនឹងករណី លួច ។
វត្ថុតាងដកហូតរួមមាន ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD 8405 ( ជាម៉ូតូរបស់ជនរងគ្រោះ ) និងម៉ូតូ០១គ្រឿងម៉ាក ស៊ូស៊ូគី ស្មាស់វី ពណ៌ក្រហម ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BA 6367 ( ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ) ។ បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕