កំពង់ឆ្នាំង៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតក្នុងភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស។ បច្ចប្បន្នរមណីដ្ឋានមួយនេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរ ហើយនាំគ្នាមកលេងកាន់តែមានចំនួនច្រើនជាពិសេសនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃបុណ្យធំៗ។
ដើម្បីរៀបចំឲ្យមានការទាក់ទាញ និងសក្តិសមជាមួយនឹងកំណើនភ្ញៀវទេសចរអាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើផ្លូវ ធ្វើខ្ចុះសម្រាប់ភ្ញៀវអង្គុយលេង ចំណតរថយន្ត ម៉ូតូ និងបង្កើតជាសហគមន៍គ្រប់គ្រងផងដែរ។
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការធ្វើផ្លូវ ដាក់លូ និងពិនិត្យមើលទីតាំងសម្រាប់ធ្វើចំណតរថយន្ត និងម៉ូតូ ដែលចំណតថ្មីនេះមានផ្ទៃប្រមាណជាង ៤ហិកតា។
លោកស្រី បានមានប្រសាសន៍ថា ក្រុមការងារដែលបានចុះមកកាន់ទីតាំងរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលពេលនេះ ក្នុងគោលបំណងពិនិត្យមើលការធ្វើផ្លូវ ដាក់លូ និងទីតាំងជាក់ស្តែង ដែលសហគមន៍បានស្នើសុំក្នុងការពង្រីកចំណតរថយន្ត និងម៉ូតូ ដើម្បីឲ្យដឹងថា ការពង្រីកចំណតនេះ មានផលប៉ះពាល់ដែរឬទេចំពោះបរិស្ថាន ធនធានព្រៃឈើ និងដីដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ។
លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍បញ្ជាក់ទៀតថា តំបន់រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាល គឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយរបស់ខេត្តកំពង់ឆ្នាំង ទាក់ទាញបាននូវភ្ញៀវវទេសចរជាច្រើនឲ្យមកលេងកម្សាន្តដែលជាឧស្សាហកម្មទេសចរណ៍មួយ ធ្វើឲ្យសេដ្ឋកិច្ចអ្នកនៅខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋនៅតំបន់នេះ មានការីកចម្រើនផងដែរ។
លោកស្រីបន្ថែមថា ដើម្បីឲ្យភ្ញៀវទេសចរមកលេងបានជាប្រចាំ ទាល់តែការផ្តល់សេវាកម្មទេសចរណ៍នៅតំបន់នេះមានភាពល្អប្រសើរ ជូនដល់ភ្ញៀវទេសចរ ដូចជាម្ហូបអាហារ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ចំណតរថយន្ត និងផ្លូវងាយស្រួលក្នុងការធ្វើដំណើរមកដល់តំបន់ទេចរណ៍នេះតែម្តង៕