(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំមន្រ្តី និងសមត្ថកិច្ច បន្តចុះចែកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋនៅតាមទីសាធារណៈក្បែរផ្សារដើមគរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
ក្រៅពីការដឹកនាំមន្ដ្រីចុះចែកម៉ាសដោយផ្ទាល់ នៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ហើយនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានបែកចែកឲ្យអភិបាលរង និងអភិបាលខណ្ឌ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ចុះចែកម៉ាសនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញផងដែរ។
នៅក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំ និងក្រើនរំលឹកប្រជាពលរដ្ឋអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដោយត្រូវឲ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជាមួយទឹកអាល់កុល ឬជែល និងពាក់នៅទីកន្លែងដែលចាំបាច់ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ។
គួរជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
មេដឹកនាំកំពូលកម្ពុជា ដែលតែងយកចិត្តទុកដាក់ចំពោះរាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ បានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩៕