ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជូនដល់អភិបាលរាជធានីភ្នំពេញ អំពីការប្រកាសបញ្ចេញម៉ាសក្រណាត់២លានបន្ទះ ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ។
ការបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលចំនួនពីរលានម៉ាសនេះ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាលបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាស់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស់ និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះតម្រូវការម៉ាសនៅកម្ពុជា កំពុងមានការកើនឡើង និងតម្លៃម៉ាសនៅតាមកន្លែងលក់ដូរមួយចំនួនក៏បានចាប់ផ្តើមដំឡើងថ្លៃផងដែរ ចាប់តាំងពីក្រោយថ្ងៃព្រឹត្តិការណ៍ ៣វិច្ឆិកាមក ដោយសារក្តីបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមរបាយករណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជាអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០១នាក់ (ស្រី ៦១នាក់ និងបុរស ២៤០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់។
រីឯការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួនសរុប ១៤៨១ វត្ថុសំណាក (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន០៤នាក់ (បានរាយការណ៍ជូនសាធារណជនរួចហើយ) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ចំនួនសរុបវត្ថុសំណាកនេះ មិនទាន់បានបូកបញ្ចូល ចំនួន៥០វត្ថុសំណាកដែលនៅសល់ ដែលត្រូវវិភាគនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារមិនទាន់មានលទ្ធ ផលតេស្តនៅឡើយទេ។
ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកជូនដល់អ្នកដែលប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកាទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១ និងលើកទី២ អវិជ្ជមានវីរុសកូវីដ-១៩ ចាំបាច់ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមផ្ទះ ឱ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធភាព ធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង) ទៅតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរបស់ក្រសួងសុខាភិបាល ឱ្យបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬពីសណ្ឋាគារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឱ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងចូលក្នុងសហគមន៍៕