(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួន៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ។
មនុស្សទាំង៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖
* ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
* ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
* ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា ករណីសរុបដែលបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានចំនួន០៤នាក់។
ក្រុមការងារក្រសួងសុខាភិបាល កំពុងបន្តការយកវត្ថុសំណាកអ្នកប៉ះពាល់លើកទី២ និងកំពុងរងចាំលទ្ធផលដែលត្រូវផ្តល់មកក្រសួងជាបន្តបន្ទាប់ នៅពេលធ្វើការវិភាគរួច ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួងនឹងបន្តជូនដំណឹងជូនសាធារណជនបន្តទៀត នៅពេលទទួល
បានលទ្ធផលជាបន្តបន្ទាប់ និងប្រសិនបើមានការវិវត្តន៍ថ្មីៗ ពាក់ព័ន្ធទៅនៃព្រឹត្តការណ៍០៣វិច្ឆិកានេះ៕