ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីវិធានការណ៍សម្រាប់គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិក ឬសិស្សានុសិស្ស មានការពាក់ព័ន្ធនឹងដំណើរទស្សនៈកិច្ច ផ្លូវការរបស់គណប្រតិភូ នៃប្រទេសហុងគ្រី នៅប្រទេសកម្ពុជា ។ សេចក្ដីលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន ទាំងស្រុងនៅខាងក្រោម ៖ ។
សូមជម្រាបថា កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែល ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូ អញ្ជើញដល់ទីក្រុង បាងកក នៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា ឯកឧត្តម រដ្ឋមន្រ្តីមានលទ្ធផលវិជ្ជមាន។
សូមបញ្ជាក់ថា សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ បានធ្វើតេស្ត និងមានវិញ្ញាបនបត្រ សុខភាពបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ មុនពេលចេញដំណើរមកកម្ពុជា។ បន្ទាប់ពីទទួលបានព័ត៌មាន ខាងលើនេះភ្លាម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយប្រតិភូ នៅក្នុងពេលទស្សនកិច្ច ធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់ របស់ក្រសួង សុខាភិបាល ៕