ភ្នំពេញ៖ អគារផ្នែកជំងឺឆ្លងកូវីដ១៩ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ សម្រាប់ទទួលអ្នកជំងឺកូវីដ១៩ ដែលស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី ២៨ខែតុលា ឆ្នាំ ២០២០ ក្រោមវត្តមានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា, លោកស្រី លី អាឡែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រីតំណាងអង្គការសហប្រជាតិ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានថ្លែងថា អគារនេះធ្វើឡើងសម្រាប់ព្យាបាលអ្នកជំងឺ ជា អ្នកការទូត និងអង្គការ ឬអ្នកដែលមានបំណងចង់នៅក្នុងបន្ទប់ដែលមានគ្រែដាច់ដោយឡែក ដូចជាមន្ត្រីដែលមានតួនាទីខ្ពស់ជាដើម។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានទទូចសុំ ឲ្យប្រជាពលរដ្ឋរស់ប្រទេស ត្រូវមានគម្លាតសង្គមជាពិសេស ក្នុងពិធីបុណ្យអុំទូក ទោះបីឆ្នាំនេះមិនមានប្រារព្វពិធីធំក៏ពិតមែន តែនៅតាមខេត្តមួយចំនួនអាចនឹងធ្វើតាមភូមិ ដូច្នេះប្រជាពលរដ្ឋត្រូវតែប្រុងប្រយ័ត្ន នឹងគោរពនូវវិធានការណ៍អនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីការពារសុខភាពរៀងៗខ្លួន ឲ្យគេចផុតពីការឆ្លងកូវីដ១៩ ដែលជាជំងឺរាតត្បាតសាកលដ៏សាហាវ នឹងបានសម្លាប់អាយុជីវិតមនុស្សរាប់ម៉ឺន នាក់នៅជុំវិញពិភពលោក ទោះកម្ពុជាមិនមានអ្នកស្លាប់ក៏ត្រូវការពារដែរ។
សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី២៨ខែតុលានេះ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ១៩ មាន ២៩០នាក់ ក្នុងនោះចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៣នាក់ ស្មើនឹង ៩៧,៥៩% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៥៧នាក់ និងបុរស ២២៦នាក់៕