ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ចំណោម៤នាក់ ត្រូវពលរដ្ឋឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីបុរសម្នាក់បានសម្រេចហើយក៏បើកម៉ូតូ គេចរត់យ៉ាងលឿន ទៅដួល នៅមុខពេទ្យរុស្ស៊ី កាលពីវេលាម៉ោង៩និង២០នាទី យប់ថ្ងៃអង្គារ ទី២៧ ខែតុលាឆ្នាំង២០២០ ត្រង់ចំណុចមុខ មន្ទីរពេទ្យខ្មែរសូវៀត (ហៅពេទ្យរុស្ស៊ី) នៅតាមបណ្តោយ ផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះង៉យ ស៊ីចាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GZ-2810(ដកហូត) រួមជាមួយទូរស័ព្ទដៃមួយគ្រឿង និងខ្សែកប្លាទីនមួយខ្សែ ។
ចំណែកជនរងគ្រោះឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅភូមិ១ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ។ បាត់បង់ទូរស័ព្ទដៃម៉ាកiPhone XS1មួយគ្រឿង។ ជនរងគ្រោះ ជិះម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ1CT-1666ជិះតែម្នាក់ឯង។
យោងតាមសម្តីជនរងគ្រោះឱ្យដឹងថា ដំបូងគាត់ចេញពីញ៊ាំការគេ នៅអ៊ីអន២ ខណ្ឌសែនសុខ ហើយក៏ជិះម៉ូតូទៅផ្ទះវិញ តាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីជើងមកត្បូង ។លុះមកដល់ ចំណុចគល់ស្ពាន អាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ស្រាប់តែលេចមុខ ជនសង្ស័យជិះមកពីក្រោយ ចំនួនម៉ូតូ២គ្រឿង មានគ្នាបួននាក់ ម៉ូតូទីមួយគឺម៉ាកហុងដាឌ្រីម ម៉ូតូមួយទៀត មិនស្គាល់ម៉ាក បានធ្វើសកម្មភាព លូកយកទូរស័ព្ទដៃ របស់គាត់នៅក្នុងហោប៉ៅ អាវខាងលើ ហើយក៏ជិះរត់គេចយ៉ាងលឿន ។
ខណៈពេលនោះគាត់ បានស្រែកឆោឡោ ដេញតាមពីក្រោយ ធ្វើឱ្យជនសង្ស័យ ដែលជាអ្នកបិទគូទ ភិតភ័យក៏ជិះម៉ូតូលឿន និងប្រជាពលរដ្ឋ ដែលឆ្លងកាត់នៅមុខពេទ្យរុស្ស៊ីបណ្ដាលឱ្យដួលម៉ូតូ ហើយពេលនោះ ត្រូវបានប្រជាពលរដ្ឋចាប់បានម្នាក់ រត់រួចម្នាក់និង២នាក់ទៀត ជិះម៉ូតូយកទូរស័ព្ទ របស់ជនរងគ្រោះគេចខ្លួនបាត់ ។
បន្ទាប់មកសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ បានយកជនសង្ស័យ ទៅសួរនាំ និងឱ្យជនរងគ្រោះ ដាក់ពាក្យបណ្ដឹងដើម្បីដាក់បន្ទុក ទៅលើជនសង្ស័យ រួចបញ្ជូនបន្តទៅអធិការដ្ឋាន ប៉ូលិសខណ្ឌមានជ័យ ដើម្បីចាត់ការ ទៅតាមនីតិវិធីនៃច្បាប់៕