ត្បូងឃ្មុំ ៖ អាជ្ញាធរស្រុកតំបែរ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានលែងកូនត្រីជាង ១ម៉ឺនក្បាលចូលបឹងត្រពាំងកំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ដែលពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
ថ្លែងក្នុងពិធីនោះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នា ថែរក្សាធនធានធម្មជាតិ ដូចជាត្រីជាដើម ដោយមិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាឧបករណ៍ឆក់ជាដើម ដែលធ្វើឲ្យត្រីហិនហោច និងដាច់ពូជទៅថ្ងៃអនាគត។
លោកបានលើកឡើងថា វាជារឿងដែលល្អបំផុតដែលតាមបណ្តាស្រុកនានាក្នុងខេត្តត្បូងឃ្មុំ មានបឹងធម្មជាតិជាច្រើន ហើយបឹងទាំងនោះជាប្រភពផ្តល់ផលប្រយោជន៍ដល់ ប្រជាជនយ៉ាងសំខាន់ ដូចជាប្រភពទឹក និងត្រី ជាដើម។ ដូចនេះ ត្រូវរួមគ្នាថែរក្សាការពារ ដោយមិនត្រូវឲ្យជនខិលខូច រំលោភយក ឬប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ឆក់ ជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់ត្រីគ្រប់ប្រភេទជាដាច់ខាត ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតនៃគ្រោះ មហន្តរាយធម្មជាតិ ដែលកើតមានឡើងជាយថាហេតុ ហើយក៏ត្រូវរស់នៅមានអនាម័យជានិច្ច ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេស ជំងឺកូវីដ១៩៕