សៀមរាប៖ រយ:ពេល ៤ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតជាង ៦,០០០ដើម ក្នុងបរិវេណឧទ្យានអង្គរ ខណៈរុក្ខជាតិប្រភេទនេះ កំពុងរងការកាប់បំផ្លាញស្ទើរតែបាត់បង់ទៅហើយ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សារា។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឱ្យដឹថា ដើមត្នោតជារុក្ខជាតិមួយប្រភេទ ដែលមានអត្ថប្រយោជន៍ច្រើនយ៉ាង ហើយត្រូវបានចាត់បញ្ចូលជារុក្ខជាតិនិមិត្តរូបជាតិមួយ របស់ប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៥។ ក្នុងនាមអាជ្ញាធរជាតិអប្សារា គឺ មានចក្ខុវិស័យវែងឆ្ងាយ បានគិតគូរយ៉ាងហ្មត់ចត់ ពីការដាំដើមឈើ ដែលអាចផ្តល់សារៈប្រយោជន៍ទៅកាន់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ដើមត្នោតគឺ មានសារៈប្រយោជន៍ច្រើនយ៉ាងអាចយកទៅកែច្នៃសំរាប់ធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗ ធ្វើជាស្ក និងថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។
លោកអគ្គនាយកបញ្ជាក់ថា ក្រៅពីដាំដើមត្នោត ៦,០០០ដើមនោះ ក្រុមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ក៏បានបណ្ដុះកូនត្នោតជាច្រើនដើមទៀត ដើម្បីបន្តដាំបន្ថែមទៀត ក្នុងរមណីយដ្ឋានអង្គរ និងសម្រាប់ចែកជូន ប្រជាពលរដ្ឋក្នុងគោលបំណងថែរក្សាអត្តសញ្ញាណ នៃទេសភាពទឹកដីជាតិខ្មែរ។
សូមបញ្ជាក់ថា ដើមត្នោតត្រូវបានចាត់បញ្ចូលជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិសម្រាប់និមិត្តរូបឱ្យកម្ពុជា៕ ប្រភព៖ CNC