ចម្លាក់ដីដែលល្បីពេញ Youtube ឆាណែលឈ្មោះ Leurt Wilderness ហើយនិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនតាមពិតជាស្វាដៃកូនខ្មែរយើងនៅក្នុងខេត្តសៀមរាប។
បុរសម្នាក់ឈ្មោះថា ពាញ ស៊ីថា និងកូនប្រុសរបស់លោក បានប្រើប្រាស់ដីឥដ្ឋមកឆ្លាក់ជាបន្ទប់គេងមានគ្រែ តុ កៅអី ប្រៀបបាននឹងផ្ទះអភិជន អមជាមួយក្បាច់លើជញ្ជាំងយ៉ាងស្រស់ស្អាត។ ចម្លាក់នៃបន្ទប់គេងមួយនេះបានធ្វើឡើងនៅទីតាំងព្រៃសហគមន៍គោកតឹង ស្រុកសូត្រនិគម ខេត្តសៀមរាប។
ចម្លាក់ដីនេះត្រូវការប្រភេទដីឥដ្ឋមិនមានលាយល្បាយខ្យាច់ ឬថ្មទើបអាចឆ្លាក់ចេញជារូបរាងរស់រវើកបាន ហើយការងារនេះត្រូវចំណាយពេលពី១ ខែទៅ២ខែក្នុង១រណ្ដៅ។ លោក ស៊ីថា បានបន្ថែមថា ការពិតចម្លាក់ដីនេះលោកគ្រាន់តែច្នៃប្រឌិតដើម្បីធ្វើអាជីវកម្មលើ Youtube ប៉ុណ្ណេាះ ដោយខ្ចីដីគេបណ្ដោះអាសន្ន ក្រោយថតចប់ លោកនឹងលុបដីឲ្យស្អាតសងទៅម្ចាស់គេវិញ៕ ប្រភព៖ SABAY