ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរសៀលថ្ងៃទី១៣ ខែតុលានេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពផ្លូវទំនប់សណ្តស្ទឹងស្ថិតក្នុងភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ ខណៈមានការគំរាមកំហែងដោយជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងព្រែកត្នោត ដើម្បីទប់ស្កាត់ការបាក់ទំនប់ដងស្ទឹង បង្កគ្រោះមហាន្តរាយដល់ប្រជាពលរដ្ឋ។
លោល ឃួង ស្រេង ក្នុងដំណេីរចុះពិនិត្យបានបញ្ជាភ្លាមៗឲ្យបញ្ជូនគ្រឿងចក្រជាបន្ទាន់ជាមួយនឹងរថយន្តដឹកដីដើម្បីដឹកមកចាក់បំពេញកន្លែងដែលមានទឹកហូរកាត់នេះ ចៀសវាងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោបានបញ្ជាក់ឲ្យដឹងថា នៅទំនប់សណ្តស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងភូមិថ្ម សង្កាត់ទៀននេះ បានគំរាមកំហែងដោយជំនន់ទឹកភ្លៀងមានប្រជាពលរដ្ឋរស់នៅចំនួន ៦០គ្រួសារ ហើយផ្លូវទំនប់ដងស្ទឹងដែលត្រូវបានគំរាមកំហែងនេះមានប្រមាណជា ៣គីឡូម៉ែត្រចាប់ពីព្រំប្រទល់សង្កាត់គងនយ រហូតដល់សង្កាត់ស្ពានថ្ម។
លោកស្រីក៏បានបញ្ជាក់ផងដែរថា នៅក្នុងមូលដ្ឋានរបស់លោកស្រីក្នុងចំណោម ១២សង្កាត់ ក្នុងនោះមានសង្កាត់ចំនួន ៧ហើយ ដែលបានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ។
ជមួយគ្នានេះ លោក ឃួង ស្រេង ក៏បានណែនាំទៅ អភិបាលខណ្ឌដង្កោ លោកចៅសង្កាត់ និងមេភូមិទាំងអស់ ចាត់វិធានការបន្ទាន់ ដើម្បីជួយគ្នាទប់ដី និងចលនាឱ្យប្រជាពលរដ្ឋចូលរួម ពិសេសម្ចាស់ដី ដើម្បីរួមគ្នាទប់ស្កាត់ការបាក់ទំនប់នេះឱ្យបាន៕